(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាលើកដំបូងបំផុត គិតក្នុងអំលុងពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។
យោធាជើងទឹកកូរ៉េខាងត្បូង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងឈ្មោះ USS Ronald Reagan នឹងធ្វើដំណើរមកដល់ មូលដ្ឋានទ័ពជើងទឹកមួយកន្លែង ស្ថិតក្នុងទីក្រុងប៊ូសាន (Busan) នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃសុក្រសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍ខាងលើ បានបន្តយ៉ាងដូច្នេះថា «តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ គ្រោងពង្រឹងសមត្ថភាពប្រុងជើងការរបស់យោធាទាំងពីរ ហើយបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដើម្បីសុខសន្តិភាពនិងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា វានឹងជាលើកដំបូងបំផុត ដែលនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ត្រូវបានចល័តសាជាថ្មីមកកាន់កូរ៉េខាងត្បូង គិតចាប់តាំងពីឆ្នាំ២០១៨ ដែលកាលពីឆ្នាំនោះ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានកាត់បន្ថយការធ្វើសកម្មភាពយោធារួមគ្នា ចំពោះមុខកិច្ចប្រឹងប្រែងការទូត ដើម្បីចរចាជាមួយកូរ៉េខាងជើង។
កាលពីខែមេសាកន្លងទៅ នាវាផ្ទុកយន្តហោះចម្បាំង Ronald Reagan ត្រូវបានបញ្ជូនមកកាន់ ដែនទឹកនៅចន្លោះកូរ៉េខាងត្បូង និងជប៉ុនជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក ហើយវាបានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកជប៉ុន។ សម្រាប់លើកនេះ នាវា Ronald Reagan រួមទាំងនាវាអមដំណើរមួយចំនួនទៀត នឹងធ្វើការហ្វឹកហាត់ជាមួយ កងកម្លាំងយោធាជើងទឹកកូរ៉េខាងត្បូង វិញម្តង៕