(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ កិច្ចពិភាក្សាស្តីពីការដោះដូរអ្នកទោស ដើម្បីដោះលែងពលរដ្ឋអាមេរិកដែលជាប់ក្នុងពន្ធនាគាររបស់រុស្ស៉ី ប៉ុន្តែស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ «ពុំបានបំពេញកាតព្វកិច្ចផ្លូវការរបស់ខ្លួន» ដើម្បីរក្សាការសន្ទនា។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

កន្លងមក រុស្ស៉ីធ្លាប់បានបង្ហាញឆន្ទៈចំពោះការដោះដូរអ្នកទោសគ្នាមួយ ដែលរួមមានអតីតយុទ្ធជនកងម៉ារីនអាមេរិក លោក ផូល វេឡេន (Paul Whelan) និងតារាបាល់បោះ នាង ប្រ៊ីតនី ហ្រ្គីនឺ (Brittney Griner) ជាមួយឈ្មួញអាវុធជនជាតិរុស្ស៉ី លោក វ៉ិកទ័រ ប៊ុត (Viktor Bout) ដែលកំពុងជាប់ពន្ធនាគារនៅអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា «យើងបាននិយាយជាច្រើនដងថា យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចរចា ដើម្បីដោះស្រាយជោគវាសនា របស់ពលរដ្ឋអាមេរិក ដែលត្រូវបានកាត់ទោសក្នុងប្រទេសរុស្ស៉ី និងពលរដ្ឋរុស្ស៉ី នៅសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយក្រុមគ្រួសាររបស់អ្នកទោសអាមេរិកទាំងពីររូបខាងលើ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានប្តេជ្ញាថារដ្ឋបាលរបស់លោក នឹងប្រើគ្រប់មធ្យោបាយដើម្បីនាំពួកគេ ត្រលប់មកមាតុភូមិវិញដោយសុវត្ថិភាព។ ដោយឡែក វិមានក្រឹមឡាំងបានលើកឡើងម្តងហើយម្តងទៀតថា ការអំពាវនាវជាសាធារណៈរបស់សហរដ្ឋអាមេរិក មិនបានជួយអ្វីដល់កិច្ចខិតខំប្រឹងប្រែងដោះដូរអ្នកទោស ជាជាងមធ្យោបាយការទូតទ្វេភាគីឡើយ៕