(មូស្គូ)៖ ក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៉ីនៅថ្ងៃចន្ទនេះ បានប្រកាសថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាបង្កើន កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៉ីជម្រៅខ្លាំងបន្ថែមទៀត ក្នុងវិស័យការពារជាតិ ដោយផ្តោតសំខាន់លើការធ្វើសមយុទ្ធយោធារួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីបានលើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងពីរបានឯកភាពគ្នាលើ ការបង្កើនកិច្ចសហប្រតិបត្តិការយោធា ជាមួយការផ្តោតចំពោះ ការធ្វើសមយុទ្ធយោធានិងការល្បាតរួមគ្នា ព្រមទាំងការពង្រឹងទំនាក់ទំនងរវាង អគ្គសេនាធិការយោធារបស់ប្រទេសទាំងពីរ»។ ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើង ស្របពេលដែលលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសចិន ដើម្បីបើកកិច្ចពិគ្រោះពិភាក្សាផ្នែកសន្តិសុខ និងកិច្ចប្រជុំផ្សេងៗជាមួយក្រុមមន្រ្តីចិន។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីនិងចិនបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ខ្លួន កាន់តែស៉ីជម្រៅទៅៗ ហើយថែមទាំងស្ងើចសរសើរ អំពីភាពជាដៃគូ ដែលប្រទេសទាំងពីរហៅថា «ភាពជាដៃគូគ្មានដែនកំណត់» ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានបង្ហាញក្តីបារម្ភ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន កំលុងជំនួបកំពូលរវាងមេដឹកនាំទាំងពីរ នៅប្រទេសអ៊ូសបេគីស្ថាន កាលពីសប្តាហ៍មុន៕