(កៀវ)៖ ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន អេននឺហ្គោអាតូម (Energoatom) បានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារមកលើ រោងចក្រថាមពលនុយក្លេអ៊ែរ ពីវដេននូក្រែនស្ក៍ (Pivdennoukrainsk) នៃតំបន់មីកូឡេវ (Mykolaiv) ភាគខាងត្បូង នៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែពុំបណ្តាលឲ្យម៉ាស៉ីនរ៉េអាក់ទ័ររងការខូចខាតឡើយ ហើយកំពុងដំណើរការជាធម្មតា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមហ៊ុន Energoatom បានឲ្យដឹងថា ការផ្ទុះមួយបានកើតឡើងភ្លាមៗនៅចម្ងាយប្រហែល ៣០០ម៉ែត្រ ពីម៉ាស៉ីនរ៉េអាក់ទ័រ និងបង្កឱ្យមានការខូចខាតចំពោះអគាររោងចក្រនុយក្លេអ៊ែរខាងលើ នៅវេលាពាក់កណ្តាលអាធ្រាត។ ការវាយប្រហារនេះ ក៏បានធ្វើឲ្យខូចខាតដល់ស្ថានីយវារីអគ្គិសនីមួយ នៅក្បែរនោះ រួមទាំងខ្សែបញ្ជូនបណ្តាញផងដែរ។
ក្រោយពីមានការវាយប្រហារថ្មីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានផ្ញើសារតាមរយៈបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «កងកម្លាំងរុស្ស៉ីព្យាយាមបើកការវាយប្រហារម្តងទៀត ប៉ុន្តែពួកគេភ្លេចថាតើអ្វីជារោងចក្រថាមពលនុយក្លេអ៊ែរ។ រុស្ស៉ីកំពុងបង្កគ្រោះថ្នាក់ដល់ពិភពលោកតែម្តង ដូច្នេះយើងត្រូវតែបញ្ឈប់ពួកគេមុនពេលវាយឺតពេល»។
គួរបញ្ជាក់ថា ភ្លាមៗ នេះរុស្ស៉ីនៅមិនមានប្រតិកម្មឆ្លើយតប ចំពោះការចោទប្រកាន់របស់អ៊ុយក្រែនខាងលើនេះទេ។ តំបន់មីកូឡេវ បានរងនូវការវាយប្រហារឥតឈប់ឈរ ដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៉ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕