(កាប៊ុល)៖ រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលតាលីបង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានដោះលែងវិស្វករជនជាតិអាមេរិកម្នាក់ ឈ្មោះ ម៉ាក ហ្រ្វេរីជ (Mark Frerichs) ជាថ្នូរនឹងសមាជិកតាលីបង់ជាន់ខ្ពស់ម្នាក់ ដែលទើបមកដល់ទីក្រុងកាប៊ុលនៃប្រទេស អាហ្វហ្កានីស្ថាន ក្រោយត្រូវបានសហរដ្ឋអាមេរិកដោះលែងឱ្យមានសេរីភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសតាលីបង់ លោក អាមា ខាន់ មូតាគី (Amir Khan Muttaqi) បានប្រាប់ក្រុមអ្នកកាសែត នៅសន្និសីទសារព័ត៌មាន ក្នុងរដ្ឋធានីកាលប៊ុលថា ខាងតាលីបង់បានដោះដូរលោក ហ្រ្វេរីជ នៅព្រលានយន្តហោះកាប៊ុល នាព្រឹកថ្ងៃចន្ទនេះ ជាមួយលោក ហាជី បាសៀរ ន័រហ្ស៉ៃ (Haji Bashir Noorzai) ជាសមាជិកជាន់ខ្ពស់ម្នាក់របស់តាលីបង់ ដែលត្រូវបានអាមេរិកឃុំខ្លួនអស់រយៈពេលរាប់ទសវត្សរ៍ ក្រោយរងការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ថា លោក ម៉ាក ហ្រ្វេរីជ វិញ គឺជាវិស្វករនិងជាអតីតយុទ្ធជនកងទ័ពជើងទឹកអាមេរិក មកពីរដ្ឋអ៉ីលីណយ (Illinois) ហើយបានបំពេញការងារនៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន សម្រាប់រយៈពេលប្រហែល១ទសវត្សរ៍ ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ លោក ហ្វ្រេរីជ ត្រូវបានចាប់ជំរិតដោយក្រុមសកម្មប្រយុទ្ធ ហាកានី (Haqqani) ដែលស្និទ្ធនឹងតាលីបង់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០៕