(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រ៉ាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយថា ទីក្រុងតេហេរ៉ង់ពិតជាយកចិត្តទុកដាក់ខ្លាំង លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើមានការធានាណាមួយ ដែលប្រាកដថាសហរដ្ឋអាមេរិកនឹងមិនដកចេញម្តងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «ប្រសិនបើវាជាកិច្ចព្រមព្រៀងដ៏ល្អមួយ និងមានយុត្តិធម៌នោះ យើងនឹងយកចិត្តទុកដាក់ ក្នុងការឈានទៅសម្រេចឲ្យបាន»

ដោយឡែក ក្នុងសុន្ទរកថាមុនដំណើរទស្សនកិច្ចទៅចូលរួមមហាសន្និបាទ របស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក នាសប្តាហ៍នេះលោក រ៉ៃស៉ី បានបន្ថែមថា «វាចាំបាច់ត្រូវតែមានការធានា ដើម្បីប្រាកដថាសហរដ្ឋអាមេរិក នឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះម្តងទៀត»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយដែលថាទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន អាចនឹងជម្នះភាពជាប់គាំងដើម្បីឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នោះឡើយ ប៉ុន្តែអ៉ីរ៉ង់ត្រូវបានគេរំពឹងថានឹងប្រើប្រាស់អង្គមហាសន្និបាទ UN ក្នុងការបង្ហាញនូវឆន្ទះរបស់ខ្លួន ដើម្បីឈានដល់កិច្ចចព្រមព្រៀងមួយ ប្រកបដោយនិរន្តរភាព៕