(ប៉េកាំង)៖ «ដកចេញសហគ្រាសផលិតនិងមានកម្រិតបំពុលធម្មតា សរុបប្រហែល៣ពាន់សហគ្រាស រុះរើសំណង់ខុសច្បាប់លើសពី ៣រយលានម៉ែត្រការ៉េ ហើយដីធ្លីសម្រាប់កសាងទីក្រុងនិងជនបទ បានកាត់បន្ថយចំនួន១១០គីឡូម៉ែត្រការ៉េ។ល។» ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់ឥតឈប់ឈរដែលបានក្លាយជាទីក្រុងធំដំបូង ដែលទទួលបានការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ នៅទូទាំងប្រទេសចិន។ ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណនៃក្រុងប៉េកាំង គឺចាប់ផ្តើមពីផែនការមេរបស់ទីក្រុងស្តង់ដារខ្ពស់មួយ។
កាលពីខែកញ្ញាឆ្នាំ២០១៧ ក្នុងឯកសារឆ្លើយតបអំពី «ផែនការមេស្តីពីទីក្រុងប៉េកាំង (ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)» របស់គណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានកំណត់យ៉ាងច្បាស់លាស់ថា ត្រូវគិតពិចារណាពីសមត្ថភាពទទួលបន្ទុកនៃធនធាននិងបរិស្ថាន ហើយធ្វើការអភិវឌ្ឍដោយកាត់បន្ថយទ្រង់ទ្រាយ កាត់បន្ថយបន្ទុកនិងកាត់បន្ថយការប្រើប្រាស់ធនធាន គ្រប់គ្រងទាំងទំហំចំនួនប្រជាជនទាំងទ្រង់ទ្រាយសាងសង់យ៉ាងប្រាកដប្រជា ដែលជំរុញការផ្លាស់ប្តូរវិធីអភិវឌ្ឍន៍ លើកកម្ពស់លំដាប់ថ្នាក់និងការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃរចនាសម្ព័ន្ធឧស្សាហកម្ម ក៏ដូចជាកែលម្អមុខងាររបស់ទីក្រុង។
នៅដើមសតវត្សរ៍ទី២១ ក្រុងប៉េកាំងបានជួបបញ្ហាទីក្រុងធំៗ ដូចជាការស្ទះចរាចរណ៍និងការបំពុលខ្យល់អាកាសជាដើម ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅនេះ គម្រោងដ៏សំខាន់ជាច្រើនសុទ្ធតែបានដាក់ចេញ នូវសំណូមពរស្តីពីការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ ចំពោះក្រុងប៉េកាំង។ ខណៈពេលទីក្រុងផ្សេងទៀតកំពុងជាប់រវល់នឹង ការទាក់ទាញធនធានមនុស្ស ដើម្បីអភិវឌ្ឍទីក្រុងឥតឈប់ឈរ ក្រុងប៉េកាំងបែរជាកាត់បន្ថយទ្រង់ទ្រាយអភិវឌ្ឍន៍ជាបន្តបន្ទាប់។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត១០ឆ្នាំ ចំនួនប្រជាជននិងដីធ្លីសម្រាប់កសាង ទីក្រុងនិងជនបទរបស់ប៉េកាំង ត្រូវបានកាត់បន្ថយបួនឆ្នាំជាប់ៗគ្នា ទំហំសាងសង់បានកាត់បន្ថយបីឆ្នាំជាប់ៗគ្នា ហើយសមាមាត្រនៃចំនួនប្រជាជនស្នាក់នៅ ជាអចិន្ត្រៃយ៍នៅតំបន់កណ្តាលទីក្រុងប៉េកាំងបានធ្លាក់ចុះពី៥៩,៣ភាគរយ នៅឆ្នាំ២០១៥មកនៅត្រឹម៥០,២ភាគរយនៅឆ្នាំ២០២០។
ក្នុងបរិបទនៃការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ ក្រុងប៉េកាំងខិតខំប្រឹងប្រែងបង្កើតជារចនាសម្ព័ន្ធសេដ្ឋកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ថ្មី ហើយសេវាកម្មទំនើបដូចជាហិរញ្ញវត្ថុ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមមាន ឧត្តមភាពភាពកាន់តែលេចធ្លោ។ ឧស្សាហកម្មដូចជាភាពឆ្លាតវៃសិប្បនិម្មិត ប្រព័ន្ធទូរគមនាគមន៍ 5G ផ្កាយរណបអវកាសនិងឱសថជីវសាស្ត្រជាដើម បានផុលផុសឡើងយ៉ាងឆាប់រហ័ស ព័ត៌មានវិទ្យាជំនាន់ថ្មី ឱសថនិងសុខភាពបានក្លាយជា «កម្លាំងចលករថ្មី» ក្នុងការអភិវឌ្ឍនៃក្រុងប៉េកាំង។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំង បានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ហើយតម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថល គឺមានសមាមាត្រលើសពី៤០ភាគរយ។
ក្រៅពីនេះ តំបន់ Xiong’an ថ្មីនៃខេត្ត Hebei ក៏បានក្តាប់ជាប់នូវឱកាសយុទ្ធសាស្ត្រដ៏សំខាន់ នៃការអភិវឌ្ឍក្រុងប៉េកាំង ក្រុង Tianjin និងខេត្ត Hebei ដោយស៊ីសង្វាក់គ្នាផងដែរ។ នៅឆមាសទីមួយឆ្នាំនេះ ទូទាំងខេត្ត Hebei បានទទួលគម្រោងវិស្វកម្មថ្មីក្នុងតម្លៃ លើសពី៥០លានយាន់ប្រាក់ចិនចំនួន២៧០ ដែលផ្ទេរពីក្រុងប៉េកាំងនិងក្រុង Tianjin និងមានការវិនិយោគសរុប ១សែន៤ម៉ឺន៩ពាន់៤រយលានយាន់ប្រាក់ចិន។
ខេត្ត Hebei ប្រើ «វិធីដក» ផង ប្រើ «វិធីបូក» ផង ដែលបានធ្វើ «ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃសហគ្រាសចំនួន១ម៉ឺន» ពន្លឿនការបង្កើតជាប្រព័ន្ធឧស្សាហកម្មទំនើប ដើម្បីលើកកម្ពស់គុណភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចខេត្ត Hebei ឥតឈប់ឈរ។
ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ មិនមែនមិនអភិវឌ្ឍនោះទេ គឺជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាផ្លាស់ប្ដូរពី «វិធីដក» មកជា «វិធីបូក»។ ព្រមពេលជាមួយនឹងការកាត់បន្ថយប្រើប្រាស់ដីធ្លី លើកកម្ពស់ការផលិតគិតជាឯកតា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច។
នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំង បានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ដែលត្រឹមតែចំណាយរយៈពេលបីឆ្នាំ ក៏សម្រេចបាននូវការផោតផ្លោះ «១ទ្រីលានយាន់ប្រាក់ចិន» ហើយក៏បានបំបែក «កំណត់ត្រាទីក្រុងទូទាំងប្រទេសចិន» ថ្មីផងដែរ។ នៅពេលអនាគត ប្រឈមមុខនឹងស្ថានការណ៍ថ្មី និងបញ្ហាប្រឈមថ្មី គឺចាំបាច់ត្រូវធ្វើឱ្យវិធីអភិវឌ្ឍន៍ទីក្រុង មានភាពកាន់តែល្អប្រសើរនិងមានលំដាប់ថ្នាក់កាន់តែខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន