(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានបូកសរុបនូវបទពិសោធន៍៥ចំណុច ក្នុងការធំធាត់ឡើងរបស់អង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានលើកឡើងនូវសំណើស្តីពី ការបង្កើតសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែជិតស្និទ្ធ បានទទួលគំនិតឯកភាពរួមយ៉ាងទូលំទូលាយពីសំណាក់អង្គប្រជុំ។

ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេល២១ឆ្នាំ ឆ្នាំនេះ អង្គការសហប្រតិបត្តិការសៀងហៃបានទទួលប្រទេសមួយចំនួនទៀត ឱ្យក្លាយជារដ្ឋសមាជិកនិងដៃគូសន្ទនារបស់ខ្លួន «ក្រុមមិត្តភកិ្ត» ត្រូវបានពង្រីកជាបន្តបន្ទាប់។ តើមូលហេតុនៅពីក្រោយភាពជោគជ័យគឺអ្វី? មជ្ឈដ្ឋានខាងក្រៅអាចរកឃើញចម្លើយពី បទពិសោធន៍៥ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុប។

«ការប្រកាន់ខ្ជាប់កិច្ចកសាងទំនុកចិត្តផ្នែកនយោបាយ» «ការប្រកាន់ខ្ជាប់កិច្ចសហប្រតិបតិ្តការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក» «ការប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព» «ការប្រកាន់ខ្ជាប់ភាពបើកទូលាយនិងបរិយាប័ន្ន» «ការប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌» «ការប្រកាន់ខ្ជាប់ទាំង៥ចំណុច» នេះបានបង្ហាញយ៉ាងពេញលេញនូវខ្លឹមសាររបស់ «ស្មារតីក្រុងសៀងហៃ» ពោលគឺ មានទំនុកចិត្តគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពអរិយាធម៌ទីទៃគ្នា ស្វែងរកការអភិវឌ្ឍរួម នេះទើបជាពហុភាគីនិយមដ៏ពិតប្រាកដ។

ប្រទេសចិនជាប្រទេសស្ថាបនិក នៃអង្គការសហប្រតិបតិ្តការសៀងហៃ ជានិច្ចកាល បានគ្រោងផែនការនិងធ្វើប្រតិបតិ្តការ ដើម្បីធ្វើឱ្យអង្គការសហប្រតិបតិ្តការសៀងហៃ ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។ លើវិស័យសន្តិសុខផ្នែកនយោបាយ ប្រទេសចិនបានលើកឡើងថា គួរតែប្រុងប្រយ័ត្នកម្លាំងខាងក្រៅញុះញង់ឱ្យគ្រោង «បដិវត្តន៍ពណ៌» រួមគ្នាប្រឆាំងការធ្វើជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ទោះយកលេសណាក៏ដោយ ជំរុញការដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន និងលះបង់ចោលការធ្វើប្រកួតប្រជែងផលបូកសូន្យ និងលេងកលល្បិចនយោបាយតាមក្រុមជាដើម។

សំណើទាំងនេះបានលើកឡើងដោយប្រឈមនឹង ការប្រកួតប្រជែងជាក់ស្តែង នឹងទប់ទល់យ៉ាងខ្លាំងនូវការប៉ុនប៉ងរបស់កម្លាំងខាងក្រៅ ដែលចង់លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក នៃអង្គការសហប្រតិបតិ្តការសៀងហៃ និងបណ្តាលឱ្យតំបន់នេះមានភាពច្របូកច្របល់ សំណើទាំងនេះបានប្រមូលកម្លាំងរួម កាន់តែច្រើនដើម្បីប្រឆាំងឯកតោភាគីនិយម ក៏ដូចជាគាំពារសមភាពនិងយុត្តិធម៌។

លើវិស័យកិច្ចសហប្រតិបតិ្តការជាក់ស្តែង ប្រទេសចិនបានគូសបញ្ជាក់ថា គួរបន្តបង្កើនភាពតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនានា ក៏ដូចជាគំនិតផ្តួចផ្តើមស្តីពី កិច្ចសហប្រតិបតិ្តការក្នុងតំបន់ ក្នុងន័យត្រួសត្រាយកិច្ចសហប្រតិបតិ្តការពហុភាគីធុនតូច និងក្នុងមហាអនុតំបន់ បង្កើតកិច្ចកសាងប្រព័ន្ធទូទាត់ឆ្លងដែនដោយប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួន ជំរុញការបង្កើតធនាគារអភិវឌ្ឍន៍របស់អង្គការនេះ។ល។

ប្រការទាំងនេះនឹងមានអំណោយផលដល់ ការត្រួសត្រាយសក្តានុពលសហប្រតិបតិ្តការ របស់អង្គការសហប្រតិបតិ្តការសៀងហៃ ផ្តល់ផលប្រយោជន៍រួមកាន់តែធំដល់រដ្ឋសមាជិកនានា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា។

គួរបញ្ជាក់ផងដែរថា «សេចក្តីប្រកាសក្រុង Samarqand» ដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនោះ បានដាក់បញ្ចូលគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ដែលប្រទេសចិនបានលើកឡើង ប្រការនេះអាចបង្ហាញថា គំនិតផ្តួចផ្តើមរបស់ចិន វាសមស្របនឹងការយកចិត្តទុកដាក់ និងតម្រូវការរួមរបស់រដ្ឋសមាជិកនានា នៃអង្គការសហប្រតិបតិ្តការសៀងហៃ។

ពិតមែនតែផ្លូវឆ្ងាយ ប៉ុន្តៃឱ្យតែប្រកាន់ខ្ជាប់ការដើរតាមផ្លូវរហូត នោះពិតជានឹងទៅដល់គោលដៅជាមិនខាន។ ក្រោមការណែនាំពី «ស្មារតីសៀងហៃ» អង្គការសហប្រតិបតិ្តការសៀងហៃពិតជានឹងក្លាយជា យុថ្កាសម្រាប់លំនឹងសន្តិសុខក្នុងតំបន់ ក៏ដូចជានឹងរួមចំណែកកាន់តែធំ ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់សកលលោកជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន