(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសដីកោះម៉ាល់ឌីវ (Maldives) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាម៉ាល់ឌីវ សង្ឃឹមថានឹងបានឃើញមានវត្តមានស្ថានទូតសហរដ្ឋអាមេរិកដំបូង ក្នុងប្រទេសរបស់ខ្លួននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយក៏រំពឹងអាចនឹងបើក ស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងវ៉ាស៊ីនតោន ឡើងវិញនាចុងឆ្នាំនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអ្នកជំនាញអាមេរិក នៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ លោក អាប់ដុលឡា សាហ៉ីដ (Abdulla Shahid) បានបង្ហាញពីជំនឿចិត្តថា ទំនាក់ទំនងរវាងម៉ាល់ឌីវ និងទីក្រុងវ៉ាស៊ីនតោន «នឹងមានភាពរឹងមាំដែលមិនធ្លាប់មានពីមុន»
លោកបានបន្ថែមដូច្នេះថា «ម៉ាល់ឌីវ កំពុងស្វែងរកទីតាំងសមរម្យដើម្បីបើកស្ថានទូត នៅទីក្រុងវ៉ាស៊ីនតោន ហើយវាគឺជាគោលដៅរបស់យើងដែល យើងថានឹងធ្វើឲ្យដំណើរការនៅចុងឆ្នាំនេះ»

គួរបញ្ជាក់ថា ម៉ាល់ឌីវ មានស្ថានទូតមួយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥ ប៉ុន្តែត្រូវតែបិទទៅវិញដោយសារតែ បញ្ហាថវិកា។ ស្ថានទូតបានបើកឡើងវិញក្នុងឆ្នាំ២០០៧ដែរ ប៉ុន្តែក្រោយមកត្រូវបិទម្តងទៀត ដោយសារតែការផ្លាស់ប្តូររដ្ឋាភិបាលក្នុងឆ្នាំ២០០៨។ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសម៉ាល់ឌីវ បច្ចុប្បន្ន ត្រូវបានធ្វើឡើងតាមរយៈស្ថានទូតអាមេរិក ប្រចាំប្រទេសស្រីលង្កា ខណៈម៉ាល់ឌីវ មានតំណាងរបស់ខ្លួននៅសហរដ្ឋអាមេរិក តាមរយៈបេសកកម្មរបស់ខ្លួន ប្រចាំអង្គការសហប្រជាជាតិ៕