(តូក្យូ)៖ ព្យុះទីហ្វុង ណានម៉ាដូល (Nanmadol) កំពុងបោកបក់មកលើភាគខាងលិចប្រទេសជប៉ុន ដោយនាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង នៅថ្ងៃចន្ទនេះ ដោយបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើររបស់ខ្លួន ព្រមទាំងរំខានដល់ការធ្វើ ដំណើរតាមរថភ្លើង និងធ្វើឲ្យប្រជាជនជាង ៣០០,០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈ Nanmadol ដែលជាព្យុះទីហ្វុងទី១៤ នៃក្នុងឆ្នាំនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើត ប្រទេសជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ទឹកភ្លៀងមានកម្រិត ៤០០មីលីម៉ែត្រ ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងតំបន់តូកៃ (Tokai) ភាគកណ្តាលរបស់ប្រទេសជប៉ុន ដែលជាតំបន់បេះដូងឧស្សាហកម្មរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងខាងមុខ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មន្ត្រីឧតុនិយមជប៉ុនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះនេះ»។
បើតាមទូរទស្សន៍ជប៉ុន NHK, ក្រុមហ៊ុនរថភ្លើង គីយូស៊ុ រ៉េលវ៉េ ខូ (Kyushu Railway Co) ដែលបម្រើដល់ប្រតិបត្តិការនៃកោះគីយូស៊ុ (Kyushu) ភាគខាងលិចរបស់ប្រទេសជប៉ុន បានផ្អាកប្រតិបត្តិការទាំងអស់របស់ខ្លួន នៅថ្ងៃចន្ទនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Japan Airline Co Ltd និង ANA ត្រូវបានលុបចោល ដែលមានជើងហោះហើរប្រហែល ៨០០ជើង ក្នុងមួយថ្ងៃ។ ជាមួយគ្នានោះ ប្រជាជនប្រហែល ៣៤០,០០០គ្រួសារ ដែលភាគច្រើននៅក្នុងតំបន់គីយូស៊ុ គ្មានអគ្គិសនីប្រើប្រាស់៕