(ញូវយ៉ក)៖ សកម្មជនស្ត្រី លោកស្រី Lilian Riziq បានព្រមាននៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា ការបរាជ័យនៃដំណើរការសន្តិភាពស៊ូដង់ខាងត្បូង និងការពន្យារពេលជាបន្តបន្ទាប់ នៃរយៈពេលអន្តរកាល នឹងនាំទៅដល់ការរងទុក្ខវេទនារបស់ជនស៊ីវិល និងការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលដែលមិនអាចជៀសរួច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី Riziq ប្រធានបណ្តាញពង្រឹងអំណាចស្ត្រីស៊ូដង់ខាងត្បូង បាននិយាយថា «(នេះគឺ)បួនឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨...កិច្ចព្រមព្រៀងដែលចែករំលែកអំណាចនោះ មិនបានបញ្ចប់អំពើហិង្សា ឬណែនាំកំណែទម្រង់ចាំបាច់នោះទេ។ ស្ថានភាពនៅស៊ូដង់ខាងត្បូងគឺមិនមាននិរន្តរភាពទេ»។
លោកស្រី Riziq បានបន្តថា ប្រទេសទាំងមូលកំពុងបែកបាក់ ភាពអសន្តិសុខ និងការបង្ខំឱ្យផ្លាស់ទីលំនៅរបស់ជនស៊ីវិលកើតមានស្ទើគ្រប់ទីកន្លែង ខណៈស្ត្រី និងកុមារីត្រូវរងនូវអំពើហិង្សាផ្លូវភេទជាប្រចាំ៕