(ប៉េកាំង)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) នឹងបើកកិច្ចសន្ទនាពិគ្រោះយោបល់ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំជាមួយ សមភាគីចិន កំឡុងបំពេញទស្សនកិច្ចចំនួន ២ថ្ងៃក្នុងប្រទេសចិន ដែលចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក Patrushev នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខយុទ្ធសាស្ត្រចិន-រុស្ស៉ីជុំទី១៧ ព្រមទាំងកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សន្តិសុខរវាងចិន និងរុស្ស៉ី កំឡុងដំណើរទស្សនកិច្ចរបស់លោក។ កិច្ចប្រជុំទាំងនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជួបពិភាក្សាគ្នានៅប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាជំនួបទល់មុខលើកដំបូងបំផុតរវាង មេដឹកនាំទាំង២ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។
មកទល់នឹងពេលនេះ ចិនមិនបានថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានហៅសង្រ្គាមនេះថាជាការឈ្លានពាននោះដែរ ក្នុងបរិបទដែលរុស្ស៉ី និងលោកខាងលិច កំពុងប្រឈមមុខដាក់គ្នាខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក៕