(ប៉េកាំង)៖ «អ្នកមកមើលរថយន្តគឺច្រើនណាស់»។ អ្នកលក់រថយន្តនៃហាងលក់រថយន្តមួយ នៃក្រុងប៉េកាំងបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅពេលថ្មីៗកន្លងទៅនេះថា «ប៉ុន្មានថ្ងៃជាប់មកនេះ គិតជាមធ្យមក្នុងមួយថ្ងៃអាចទទួលការកម្មង់ជាង១០ ។ ពេលព្រឹកមានមនុស្សជាច្រើនមកមើលរថយន្ត ហើយរសៀលនៅមានមនុស្សច្រើនទៀតមកកក់តេស្តឡានដែរ»។ ទីផ្សារលក់ដូររថយន្តរបស់ចិនបន្តងើបឡើងវិញ គឺជាគំរូមួយនៃការដែលសេដ្ឋកិច្ចចិនស្តារឡើងវិញជាបន្តបន្ទាប់។
តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិរបស់ចិន បានប្រកាសកាលពីថ្ងៃទី១៦ខែកញ្ញាឱ្យដឹងថា នៅខែសីហា សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញ សន្ទស្សន៍សំខាន់ៗត្រូវបានកែលម្អជាទូទៅ។ ក្នុងនោះ បរិមាណផលិតរថយន្តបានកើនឡើង ៣៩ភាគរយ តម្លៃបន្ថែមនៃរបររថយន្តបានកើនឡើងលើសពី ៣០ភាគរយ។ ប្រព័ន្ធសារព័ត៌មានបរទេសនាំគ្នាប្រើពាក្យ «លើសពីការប៉ាន់ប្រមាណ» និង «ល្អជាងការប៉ាន់ប្រមាណ» មកពិពណ៌នាពីសេដ្ឋកិច្ចរបស់ចិន នៅខែសីហា ឆ្នាំនេះ។
សន្ទស្សន៍ដែលពួកគេយកចិត្តទុកដាក់បំផុត បូករួមទាំងតម្លៃលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គម តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្ម ដែលមានចំណូលលើសពី ២០លានយាន់ប្រាក់ចិន និងកាវិនិយោគខាងប្រាក់ទុនថេរជាដើម។ សន្ទស្សន៍អំពីតម្លៃលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គម និងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្ម ដែលមានចំណូលលើសពី ២០លានយាន់ប្រាក់ចិន នៅខែសីហាបានកើនឡើង៥,៤ភាគរយ និង៤,២ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយសន្ទស្សន៍អំពីការវិនិយោគខាងប្រាក់ទុនថេរបានកើនឡើង៥,៨ភាគរយ ដែលសុទ្ធតែលើសពីតម្លៃប៉ាន់ប្រមាណដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានស៊ើបអង្កេតនោះ។
បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ការស្តារសេដ្ឋកិច្ចឡើងវិញក៏មិនរលូន និងអស់រយៈពេលយូរផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ របាយការណ៍សិក្សាស្រាវជ្រាវចម្រុះថ្មីបំផុត ដែលធនាគារពិភពលោកបានដាក់ចេញឱ្យដឹងថា ទន្ទឹមនឹងធនាគារកណ្តាលប្រទេសនានានាំគ្នា ដំឡើងអត្រាការប្រាក់ដើម្បីឆ្លើយតបនឹងអតិផរណា សេដ្ឋកិច្ចសកលប្រហែលនឹងថមថយចុះនៅឆ្នាំ២០២៣។ កាលពីចុងខែកក្កដាឆ្នាំនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ចុះការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចសកល ថែមមួយកម្រិតទៀត។
ក្នុងបរិបទដែលអារម្មណ៍ទុទិដ្ឋិនិយមបែបនេះបានរីករាលដាល ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ព្រមទាំងទទួលបានស្នាដៃដ៏លេចធ្លោ វាមិនត្រឹមតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានលើកដម្កើងជំនឿចិត្ត របស់ពិភពលោកនិងមានអំណោយផលដល់ ការស្តារសេដ្ឋកិច្ចសកលឡើងវិញផងដែរ។ របាយការណ៍ដែលរដ្ឋបាលជាតិស្ថិតិរបស់ចិន បានប្រកាសនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ អត្រារួមចំណេកជាមធ្យមរបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺលើសពី៣០ភាគរយ ដែលកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ ចិនកំពុងបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងចលករក្នុងសេដ្ឋកិច្ចពិភពលោក ជាបន្តបន្ទាប់។
បច្ចុប្បន្ននេះ ក្រោមតួនាទីនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចំគោលដៅនិងគោលនយោបាយជំរុញការប្រើប្រាស់ ការប្រើប្រាស់របស់ប្រជាជនមានសង្ឃឹមស្តារឡើងវិញជាបណ្តើរៗ។ មួយខែក្រោយ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ នឹងបើកធ្វើ ជឿជាក់ថា ដល់ពេលនោះ ក៏អាចនាំមកនូវឱកាសចែករំលែក ទីផ្សាររបស់ចិនកាន់តែច្រើនឡើងៗដល់ពិភពលោកផងដែរ។
បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញមិនសូវរឹងមាំនោះទេ ។ ប៉ុន្តែមូលដ្ឋានសម្ភារៈដែលប្រមូលផ្ដុំរយៈពេលយូរ ទីផ្សារដ៏ធំធេងនិងជំនឿចិត្តរបស់ប្រជាជនចិនសុទ្ធតែបង្ហាញថា ចិននឹងបន្តខិតខំប្រឹងប្រែង ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ល្អបំផុត ដើម្បីខ្លួនឯងនិងទូទាំងពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន