(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបង្ហាញការសាទរយ៉ាងខ្លាំងដល់ជ័យជម្នះដ៏អស្ចារ្យរបស់កងទ័ពអ៊ុយក្រែន ដែល វាយដណ្ដើមបានទឹកដីពីកងទ័ពរុស្ស៉ីជាង ៨,៨០០គីឡូម៉ែត្រក្រឡា ត្រឡប់មកវិញ។ ក៏ប៉ុន្តែ នៅពីក្រោយការញញឹមបិទមាត់មិនជិតនេះ វាក៏មានបង្កប់នូវក្ដីបារម្ភ ផងដែរ នោះគឺជ័យជម្នះរបស់អ៊ុយក្រែននៅលើសមរភូមិសង្រ្គាមអាចនឹងក្លាយជាការធ្វើតេស្ដលើទំនាក់ទំនង ក៏ដូចជានឹងបង្កភាពតានតឹងថ្មីមួយជាមួយ សហរដ្ឋអាមេរិក។
ជ័យជម្នះខាងលើរបស់អ៊ុយក្រែន មិនមែនមានន័យថាស្ថានការណ៍សង្រ្គាមផ្អៀងមករកអ៊ុយក្រែនទាំងស្រុងនោះទេ។ ដ្បិតបច្ចុប្បន្ន រុស្ស៉ីនៅតែបន្តគ្រប់គ្រងទឹកដី អ៊ុយក្រែនមួយភាគធំ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ បានក្រសោបយកកាលពីឆ្នាំ២០១៤។ ជាមួយការផ្ដល់លុយ ព័ត៌មានសម្ងាត់ និងអាវុធពី សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច វាបានជួយពង្រឹងការតស៊ូរបស់អ៊ុយក្រែន និងជួយឱ្យទីក្រុងកៀវអាចបង្កការខូចខាតធ្ងន់ធ្ងរដល់កងទ័ពរុស្ស៉ី។ អ៊ុយក្រែន ក៏បានបង្ហាញដែរថាខ្លួនមានសមត្ថភាពប្រើប្រាស់ជំនួយទាំងនេះយ៉ាងមានប្រសិទ្ធិភាព រហូតដល់អាចរំដោះបានទឹកដីយ៉ាងសម្បើមមកវិញ ខណៈ ជោគជ័យនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថានឹងលើកទឹកចិត្តឱ្យលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីឆ្លងកាត់រដូវរងាដ៏គ្រោះថ្នាក់ដែល កាន់ខិតជិតចូលមកដល់។
មានមនុស្សតិចតួចណាស់ដែលគិតថាសហរដ្ឋអាមេរិកកំពុងជួយអ៊ុយក្រែនជាមួយចិត្តសប្បុរស ដោយប្រើលុយដែលប្រជាជនអាមេរិកបានបង់ពន្ធដើម្បីជួយ អ៊ុយក្រែន។ ក្រៅតែពីជួយអ៊ុយក្រែនប្រយុទ្ធតស៊ូទាមទារយកឯករាជ្យភាព បូរណភាពទឹកដី និងប្រជាធិបតេយ្យ សហដ្ឋអាមេរិកបាន និងកំពុងប្រើអ៊ុយក្រែន កាច់បំបាក់យោធារុស្ស៉ីឱ្យធ្លាក់ចុះទន់ខ្សោយ រហូតដល់កម្រិតមួយដែលលែងអាចឈ្លានពានលើបណ្ដាប្រទេសដទៃទៀតនៅអឺរ៉ុប និងជាសារកំញើញមួយផ្ញើទៅ ចិន កុំឱ្យយកគំរូតាមរុស្ស៉ីដែរ។
សហរដ្ឋអាមេរិក និងអ៊ុយក្រែនមានកម្រិតនៃអំណាចខុសគ្នា និងផលប្រយោជន៍ជាតិខុសគ្នា បើទោះជាពួកគេមាន «សត្រូវរួមក៏ដោយ»។ បានន័យថាទោះជាចង់ ឱ្យអ៊ុយក្រែនឈ្នះក៏ពិតមែន តែក៏ត្រូវនៅក្រោមក្របខណ្ឌនៃប្រយោជន៍របស់សហរដ្ឋអាមេរិកដែរ ឬមិនអាចដើរហួរព្រំដែនដែលបានកំណត់នោះទេ។ ជ័យជម្នះ របស់កងទ័ពអ៊ុយក្រែន នៅតំបន់ខាកៀវ ច្បាស់ណាស់ថាកំពុងជំរុញលើកទឹកចិត្ត និងធ្វើឱ្យអ៊ុយក្រែនកំណត់គោលកាន់តែច្បាស់ ដូចជាការរំដោះទឹកដីទាំងអស់ មកវិញ រួមមានទាំងតំបន់គ្រីមៀផងដែរដែលលោក ហ្សេលេនស្គី បានសន្យាថានឹងដណ្ដើមយកពីរុស្ស៉ីមកវិញ ការស្ដារប្រទេសឡើងវិញ និងការកាត់ទោស ឧក្រិដ្ឋជនសង្រ្គាម ដែលទីក្រុងកៀវចង់សំដៅលើលោក ពូទីន និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនរបស់លោក។
គោលដៅរបស់លោក ហ្សេលេនស្គី គឺជារឿងត្រឹមត្រូវ ព្រោះចង់បានទឹកដីរបស់ខ្លួនមកវិញ និងរកយុត្តិធម៌ឱ្យប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននៅតែមានការប្រុងប្រយ័ត្នចំពោះគោលដៅជាយុទ្ធសាស្ត្រដែលខ្លួនចង់បាននៅក្នុងសង្រ្គាមអ៊ុយក្រែន ឬអាចនិយាយបាន ថាលោក បៃដិន បានកំណត់រួចទៅហើយថាតើអ៊ុយក្រែនត្រូវដើរដល់ចំណុចណា? ដូចដែលលោក បៃដិន ផ្ទាល់បានអះអាងជាច្រើនលើកថាគោលដៅចម្បង របស់សហរដ្ឋអាមេរិក នោះគឺបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ដើម្បីកុំឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ ក្រុមមន្ត្រីអាមេរិកនៃរដ្ឋបាល លោក បៃដិន មានការព្រួយបារម្ភថាប្រសិនបើអ៊ុយក្រែនមានទំនុកចិត្តខ្ពស់ហួសហេតុពេក ឬក៏ពង្រីកខ្លួននៅក្នុងសង្រ្គាមហួសដែនកំណត់ នោះវាអាចនឹងធ្វើឱ្យ អ៊ុយក្រែនធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងដ៏ធ្ងន់ធ្ងរមួយរើខ្លួនមិនរួច ហើយដែលនឹងមានតែស្រូបទាញយកធនធានពីសហរដ្ឋអាមេរិកយ៉ាងលើសលប់ ខណៈ ទីក្រុង វ៉ាស៊ីនតោនកំពុងត្រូវការធនធានយ៉ាងសម្បើម ដើម្បីផ្ដោតលើចិន។
លើសពីនេះទៅទៀត អ្វីដែលលោក បៃដិន បារម្ភជាងគេបំផុតនោះគឺលោក ពូទីន អាចនឹងកាន់តែបង្កសង្រ្គាមរឹតតែធំ ឬក៏អាចប្រើអាវុធនុយក្លេអ៊ែរតាក់ទិកតែម្ដង ដើម្បីបញ្ចៀសការដួលរលំនៃយោធារបស់លោក និងការបាត់បង់តំបន់គ្រីមៀ ដែលនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិកត្រូវលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ នៅ ក្នុងសង្រ្គាម ស្ថានការណ៍ប្រែប្រួលអាចនឹងកើតឡើងគ្រប់ពេលវេលា ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានឆ្លងកាត់នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមរំដោះ ឧបទ្វីបកូរ៉េទាំងមូលនៅចុងឆ្នាំ១៩៥០។ តែក្នុងពេលជាមួយគ្នាសហរដ្ឋអាមេរិក ក៏ប្រថុយធ្លាក់ចូលគ្រោះថ្នាក់ក្នុងសង្រ្គាមដោយផ្ទាល់ជាមួយចិនដែរ។ ដូច្នេះលោក បៃដិន នឹងពិចារណាយ៉ាងល្អិតល្អន់ថាតើគោលដៅណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែនដែលខ្លួនចង់បាន និងចាំបាច់បំផុត។
អ៊ុយក្រែនមួយដែលមានឯករាជ្យខាងសេដ្ឋកិច្ច នយោបាយ និងមានយោធាអាចការពារខ្លួនឯង គឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន តែវាជាសុបិនអាក្រក់របស់រុស្ស៉ី ហើយនេះក៏ជាមូលហេតុមួយដែលជំរុញឱ្យលោក ពូទីន បង្កសង្រ្គាមដូចសព្វថ្ងៃនេះដែរ។ សម្រាប់រដ្ឋបាលលោក បៃដិន រឿងដំបូងដៃដែលអាមេរិកត្រូវជួយអ៊ុយក្រែន គឺបណ្ដេញកងទ័ពរុស្ស៉ីឱ្យចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ពោលគឺត្រឡប់ទៅរកស្ថានភាពមុនសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។ រីឯការទាមទារ ឬការព្យាយាមចង់ វាយរំដោះយកតំបន់គ្រីមៀត្រឡប់មកវិញ ឬក៏ចង់នាំលោក ពូទីន និងមនុស្សរបស់លោកឡើងតុលាការកាត់ទោស មិនស្ថិតនៅក្នុងការយល់ឃើញរបស់លោក បៃដិន ឡើយ។
មកទល់នឹងពេលនេះ ការជជែកដេញពីការបញ្ចប់សង្រ្គាមមិនមែនជារឿងបន្ទាន់នោះទេ ហើយនៅប៉ុន្មានខែខាងមុខ គេអាចនឹងបានឃើញការជជែកដ៏តានតឹងមួយ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនជុំវិញថា «តើទីក្រុងកៀវ ត្រូវចរចាស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូយ៉ាងដូចម្ដេច ឬត្រូវដើរទៅមុខត្រឹមចំណុចណា?» ហើយ វាអាចនឹងមានដែរការជជែកនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា «តើត្រូវព្យាយាមរបៀបណាដើម្បីរារាំងលោក ហ្សេលេនស្គី ប្រសិនបើលោកចង់ដើរហួសពីអ្វីដែលលោក បៃដិន យល់ថាល្អគ្រប់គ្រាន់»។
តាមពិតទៅ វាមិនមែនជាលើកទីមួយនោះទេ ដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានការខកចិត្តនៅទីបំផុតទៅ។ អតីតប្រធានាធិបតីអាមេរិក លោក អាយសិនហូវវឺ (Dwight Eisenhower) ធ្លាប់បានបង្ខំឱ្យអតីតមេដឹកនាំកូរ៉េខាងត្បូង លោក ស៊ីងម៉ាន់ រី (Syngman Rhee) ទទួលយកសន្តិភាព និងការបំបែកប្រទេសកូរ៉េជា២។ ក្នុង ឆ្នាំ១៩៩០ ទីក្រុងវ៉ាស៊ីនតោន បានបង្ខំឱ្យចលនាឧទ្ទាមខុនត្រាស (contras) ក្នុងប្រទេសនីការ៉ាហ្កាដែលខ្លួនទំនុកបម្រុង ទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយដែល ធ្វើឱ្យចលនានេះត្រូវរំសាយអាវុធ ខណៈសត្រូវរបស់ពួកគេ និងជាចលនាស៊ូប្រឆាំងសហរដ្ឋអាមេរិក សាន់ឌីនីស្ដា (Sandinista) ដណ្ដើមអំណាចឡើងគ្រប់គ្រង រដ្ឋាភិបាល និងយោធានីការ៉ាហ្កាទៅវិញ។
បច្ចុប្បន្ន អ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធដើម្បីសេរីភាព ឯករាជ្យ បូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែ នេះមិនមែនមានន័យថាអ៊ុយក្រែន នឹងទទួលបានអ្វីៗគ្រប់យ៉ាង ដែលខ្លួនស័ក្តិសមនឹងទទួលបាននោះទេ៕