(អ៊ូសបេគីស្ថាន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក ដើម្បីប្រជែងឥទ្ធិពលលោកខាងលិច ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយមេដឹកនាំអាស៊ីកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអ៊ូសបេគីស្ថានដែលជាអតីតសហភាពសូវៀត បាននាំយកលោក ពូទីន និងលោក ស៊ី ជួបជាមួយមេដឹកនាំនៃសមាជិក SCO ផ្សេងទៀត ដូចជាប្រទេសឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអាស៊ីកណ្តាលចំនួនបួន ព្រមទាំងប្រធានាធិបតីអ៊ីរ៉ង់ និងតួកគីផងដែរ។
លោក ពូទីន និងលោក ស៊ី បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិននៅក្រៅប្រទេស ចាប់តាំងពីថ្ងៃដំបូងនៃជុះងឺរាតត្បាតកូវីដ-១៩។
កិច្ចប្រជុំកំពូលត្រូវបានបង្ហាញជាជម្រើសមួយសម្រាប់ «អង្គការដែលផ្តោតលើលោកខាងលិច» នៅពេលដែលសម្ពាធកំពុងកើនឡើងលើទីក្រុងមូស្គូជុំវិញអ៊ុយក្រែន និងកំហឹងនៅទីក្រុងប៉េកាំង ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។
លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលថា វាដល់ពេលដែលត្រូវរៀបចំប្រព័ន្ធអន្តរជាតិឡើងវិញហើយ ដោយត្រូវបោះបង់ចោលនូវហ្គេមសូន្យ និងនយោបាយប្លុក។
លោក ស៊ី បាននិយាយយ៉ាងដូច្នេះថា «មេដឹកនាំគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលជាងនេះ»។
ចំណែក លោក ពូទីន បានសាទរចំពោះការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសនៅខាងក្រៅលោកខាងលិច ដោយបានរិះគន់អ្វីដែលលោកហៅថា «ឧបករណ៍ការពារនិយម ការដាក់ទណ្ឌកម្មខុសច្បាប់ និងអាត្មានិយមសេដ្ឋកិច្ច»។
លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «តួនាទីនៃមជ្ឈមណ្ឌលអំណាចថ្មី ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក...កំពុងរីកចម្រើនកាន់តែច្បាស់»៕