(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ក្រុមនាវាមុជទឹករុស្ស៉ីដែលដើរដោយថាមពលនុយក្លេអ៊ែរ បានបាញ់មីស៉ីលគ្រូសនៅដែនសមុទ្រនៃតំបន់អាក់ទិច ដែលជាផ្នែកនៃសមយុទ្ធយោធា រចនាឡើងដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈរបស់ទីក្រុងមូស្គូ សម្រាប់ជម្លោះដែលអាចកើតឡើង ក្នុងតំបន់សមុទ្រទឹកកក នៅភាគខាងជើងប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សមយុទ្ធយោធាខាងលើដែលមានឈ្មោះថា អ៊ុមកា-២០២២ (Umka-2022) ធ្វើឡើងនៅដែនសមុទ្រឈូកឈី (Chukchi Sea) នៃតំបន់ប៉ូលខាងជើង ចន្លោះតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៉ី ហើយនិងរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ២គ្រឿង គឺនាវា អូមស៍ (Omsk) និងនាវា នូវ៉ូស៉ីប៊ីស (Novosibirsk) បានបាញ់មីស៉ីលគ្រូសប្រឆាំងនាវាចេញពីសមុទ្រឈូកឈី ហើយត្រូវចំគោលដៅដែលស្ថិតនៅចម្ងាយ ៤០០គីឡូម៉ែត្រ។

យោងតាមការសង្កត់ធ្ងន់របស់ក្រសួងការពារជាតិរុស្ស៉ី សមយុទ្ធយោធានៅតំបន់អាក់ទិច ក្នុងសប្តាហ៍នេះ គឺដើម្បីស្ទាបស្ទង់សមត្ថភាព និងការប្រុងជើងការរបស់ប្រទេសរុស្ស៉ី ក្នុងការការពារផ្នែកនៃតំបន់អាក់ទិច ដែលជារបស់ខ្លួន តាមរយៈមធ្យោបាយយោធា។

គួរបញ្ជាក់ថា ក្រៅពីបាញ់មីស៉ីលគ្រូសចេញពីនាវាមុជទឹក យោធារុស្ស៉ីក៏បានបាញ់មីស៉ីលចេញពីប្រព័ន្ធមីស៉ីល បាសិន (Bastion) ដែលដាក់ពង្រាយនៅតាមតំបន់ឆ្នេរ ឆ្ពោះទៅកាន់គោលដៅលើផ្ទៃសមុទ្រ ស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រ ចេញពីឧបទ្វីបឈូកឈី ផងដែរ៕