(រ៉ូម)៖ អាជ្ញាធរអ៉ីតាលីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ បានស្លាប់ដោយសារតែ ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ និងការជន់លិចភ្លាមៗនៅក្នុងតំបន់ម៉ាខេ (Marche) ភាគកណ្តាលនៃប្រទេសអ៉ីតាលី ខណៈដែលក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរកមនុស្សចំនួន ៤នាក់ដែលបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ភ្លៀងធ្លាក់កម្រិតប្រហែល ៤០០មីលីម៉ែត្ររយៈពេល២ ទៅ៣ម៉ោង បានធ្វើឲ្យជន់លិចតាមដងផ្លូវ នៃក្រុងជាច្រើននៅជុំវិញរដ្ឋធានី អាន់កូណា (Ancona) នៃតំបន់ Marche ជាប់សមុទ្រអាឌ្រីយ៉ាទិក (Adriatic)។ អភិបាលក្រុង សេរ៉ា សាន់អាប់បុនដ្យូ (Serra Sant'Abbondio) លោក លូដូវីកា កាវឺនី (Ludovico Caverni) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីតាលី យ៉ាងដូច្នេះថា «វាដូចជាការរញ្ជួយដីមួយយ៉ាងដូច្នោះ»។
ដោយឡែក ប្រធានទីភ្នាក់ងារការពាជនស៉ីវិលនៃរដ្ឋបាលតំបន់ Marche បាននិយាយថា «ភ្លៀងបានធ្លាក់ខ្លាំងជាងការព្យាករ។ យើងបានជូនដំណឹងអាកាសធាតុកម្រិតធម្មតាប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់គិតថានឹងកើតមានហេតុការណ៍បែបនេះឡើយ»៕