(ព្រុចសែល)៖ ហុងគ្រីបានបញ្ចេញប្រតិកម្មទាំងខឹងសម្បារ ចំពោះការបោះឆ្នោតមួយនៅក្នុងសភាសហភាពអឺរ៉ុប (EU) ដែលបានប្រកាសចាត់ទុក ប្រទេសដែលជាសមាជិក EU មួយនេះ ថាលែងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ តទៅទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ទីក្រុងប៊ុយដាប៉ែសបានបញ្ចេញប្រតិកម្មដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីក្រុមសមាជិកសភាសហភាពអឺរ៉ុប បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៤៣៣សំឡេង ទល់នឹងសំឡេងជំទាស់១២៣សំឡេង លើសេចក្តីសម្រេចនោះ ដែលបានពណ៌នាហុងគ្រីថាជា ប្រទេសប្រកាន់របបដឹកនាំកូនកាត់ ដែលមានការបោះឆ្នោតរបៀបផ្តាច់ការ ហើយជាការបំពានធ្ងន់ធ្ងរលើបទដ្ឋានប្រជាធិបតេយ្យរបស់ EU។
ឆ្លើយតបនឹងការបោះឆ្នោតរបស់សភាអឺរ៉ុប រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក ភីតឺ ហ្ស៉ិចចាតូ (Peter Szijjarto) បាននិយាយថា «ខ្ញុំចាត់ទុកវាជាការប្រមាថមកលើប្រជាជនហុងគ្រីផ្ទាល់ ប្រសិនបើនរណាម្នាក់ចោទសួរសមត្ថភាពរបស់ហុងគ្រី ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ»។ លោក ហ្ស៉ិចចាតូ បានបន្តថា ប្រជាពលរដ្ឋហុងគ្រីបានសម្រេចយ៉ាងច្បាស់ ក្នុងការបោះឆ្នោតសកល៤អាណត្តិ ជាប់ៗគ្នាកន្លងមកនេះ នូវអនាគតរបៀបណា ដែលពួកគេចង់បានសម្រាប់ប្រទេសរបស់ខ្លួន តាមរយៈការជ្រើសរើសយក លោក វិគទ័រ អ័របាន (Viktor Orban) ហើយនិងគណបក្សរបស់លោក។
គួរបញ្ជាក់ថា តាមរយៈការបោះឆ្នោតនេះ ក្រុមសមាជិកសភា EU ផ្តល់ការគាំទ្រចំពោះ របាយការណ៍មួយរបស់សភាអឺរ៉ុប ដែលរកឃើញថា ប្រទេសហុងគ្រីបានធ្លាក់ចុះខ្សោយ នូវលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមូលដ្ឋានរបស់ប្រជាជន ចាប់តាំងតែពីឆ្នាំ២០១៨មក ដោយសារតែកិច្ចប្រឹងប្រែងដោយចេតនា និងមានលក្ខណៈជាប្រព័ន្ធ របស់រដ្ឋាភិបាលហុងគ្រី៕