(ប៉េកាំង)៖ ក្រុមចម្រុះជាតិសាសន៍ដែលមានប្រទេសស្ថាបនិកចំនួន៥រួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង តាជីគីស្ថាន បានរួមកម្លាំងគ្នាកាលពីឆ្នាំ១៩៩៦ ក្នុងការបង្កើតឡើងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) គឺជាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ី។ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០១ អង្គការនេះបានបន្ថែមសមាជិក ១ប្រទេសទៀតគឺប្រទេសអ៊ូសបេគីស្ថាន ហើយជារបត់ថ្មីនៃការប្រកាសជាផ្លូវការ កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាផ្លូវការផងដែរ ដែលឡែកនៅឆ្នាំ២០២២ ប្រទេសអ៊ូសបេគីស្ថានគឺជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២។
គួររំលឹកផងដែរថាឆ្នាំ២០១៧ ប្រទេសឥណ្ឌា និង ប្រទេសប៉ាគីស្ថានបានក្លាយជាសមាជិករបស់ SCO នេះ។ ឆ្នាំ២០២២ ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្លាយជាសមាជិករបស់ SCO។ បើនិយាយអំពីទំហំវិសាលភាពភូមិសាស្ត្រ SCOនេះគឺជាអង្គការក្នុងតំបន់ដែលធំជាងគេបំផុត របស់សកលលោកដែលគ្របដណ្តប់ប្រមាណ ៦០%នៃតំបន់អឺរ៉ាស៊ី មានប្រជាជនប្រមាណជាង៤០% ក្នុងចំណោមប្រជាជនលើសកលលោក និងមានផលិតផលក្នុងស្រុកសរុប (GDP) ជាង៣០%នៃសកលលោក។
ដើម្បីបន្តការគាំទ្រដល់គំនិតផ្តួចផ្តើមសន្តិសុខសកល SCO នឹងរក្សាការអនុលោមស្របទៅតាមគោលការណ៍ និងច្បាប់ដែលបានកំណត់នៅ ក្នុងការរួមចំណែកដល់ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយភាពស័ក្តិសិទ្ធ។ កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក SCO នឹងក្លាយជាកម្លាំងដ៏ខ្លាំងក្លាជាសកលទៅលើបញ្ហាសន្តិសុខ អភិបាលកិច្ច ហើយជាពិសេសសន្តិសុខ Cyber ដែលកំពុងផ្តល់នូវការបារម្ភខ្លាំង ព្រោះបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ដំណើរការ ជាប្រវត្តិសាស្ត្រនៃការវិវត្តដ៏ឆាប់រហ័សមួយ។
ពន្លឺនៃសន្តិភាព ការអភិវឌ្ឍនិងការរីកចម្រើននឹងមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីលុបបំបាត់ភាពខ្មៅងងឹតនៃសង្គ្រាម ភាពក្រីក្រ និងការថយចុះនៃសេដ្ឋកិច្ច។ ចលនាឆ្ពោះទៅរកពហុប៉ូលនៃពិភពលោក ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរីកំពុងអត្ថិភាព ក្នុងយុគសម័យឌីជីថលនេះ។ សកលភាវូបនីយកម្មសេដ្ឋកិច្ច និងការឈានមកដល់នូវយុគសម័យព័ត៌មានវិទ្យាភាវូបនីយកម្មសង្គម បានបង្កើតនិងជំរុញកម្លាំងផលិតកម្មសង្គមយ៉ាងខ្លាំងក្លា។
វាទាំងនោះបានផ្តល់ជា កាលានុវត្តភាពនៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក ហើយក៏បង្កើននូវការគម្រាមកំហែង និងបញ្ហាប្រឈមថ្មីៗដែល SCO កំពុងប្រឈមមុខដោះស្រាយស្របពេលជាមួយគ្នាផងដែរ។ ក្នុងន័យនេះ SCO តែងផ្តោតលើការពង្រឹងសកម្មភាពជាសកល រួមមានកិច្ចខិតខំប្រឹងប្រែងអភិបាលកិច្ចសកល សន្តិសុខសកលដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីដោះស្រាយនូវបញ្ហាសន្តិសុខសកលគឺជាបេសកកម្មរួមរបស់មនុស្សជាតិ ក្នុងនាមជាប្រទេសឈានមុខនៅក្នុង ចំណោមសមាជិកទាំង៨នាពេលបច្ចុប្បន្នរបស់ SCO ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចចូលរួមជាមួយគ្នា ជាពិសេសរួមកម្លាំងរបស់SCO ហើយរួមចំណែកដល់ការបង្កើត យន្តការអភិបាលកិច្ចសកល សន្តិសុខសកល និងអភិវឌ្ឍសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍសកល ប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលផ្អែកលើ មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ជំរុញកំណើនសេដ្ឋកិច្ច បំណងរួមក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនានា ក៏ដូចជាទស្សនវិស័យរួមក្នុងការអភិវឌ្ឍ ក្នុងនាមជាប្រទេសដែលបានផ្តួចផ្តើមបង្កើត និងបង្កើនបរិមាណសមាជិកពី៥ប្រទេសដល់៨ប្រទេស និងកើនដល់៩ប្រទេស ក្នុងពេលឆាប់ៗនេះ ប្រទេសចិនតែងយកស្មារតីនៃភាពជាដៃគូក្នុងយន្តការពហុភាគីនិយម ដែលស្មារតីនៃភាពជាដៃគូគឺជា គុណសម្បត្តិដ៏ឧត្តុងឧត្តមបំផុតរបស់ប្រទេសដែលជាសមាជិក SCO ។
ថ្វីបើប្រទេសដែលជាសមាជិក SCO អាចមានភាពខុសប្លែកគ្នាជាច្រើន នៅក្នុងលក្ខខណ្ឌជាតិ និងដំណាក់កាលនៃការអភិវឌ្ឍ ហើយថ្វីបើប្រទេសដែលជាសមាជិក SCO អាចប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗគ្នាក៏ដោយក្តី ក៏ចិនមានបំណងរួមក្នុងការ។ ដរាបណាSCOនៅតែបន្តដំណើរឆ្ពោះទៅមុខ ប្រកបដោយស្មារតីនៃភាពជាដៃគូ ក្នុងការឆ្លងកាត់ គ្រប់ស្ថានការណ៍ជាមួយគ្នា SCO នឹងអាចជម្នះនូវរាល់បញ្ហាសេដ្ឋកិច្ចពិភពលោក ហើយនិងចាប់ផ្តើមធ្វើដំណើរនៅលើវិធីដ៏ថ្មីសន្លាង មួយទៅកាន់កំណើនសេដ្ឋកិច្ច នាពេលអនាគតដែលមានចិនជាគំរូភាព។
សម្រេចបាននូវគោលបំណងនៃការថែរក្សាសន្តិភាពសម្រាប់ពិភពលោក បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រកបដោយសមធម៌ បរិយាប័ន ដោយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងការជំរុញការអភិវឌ្ឍរបស់ក្រុមប្រទេស SCO និងបណ្តាប្រទេសនានាក្នុងពិភពលោកផងដែរពិភពលោក ក្នុងនោះ ចាប់ពីឆ្នាំ២០១៥មកក្នុងនាមជា ដៃគូសន្ទនាដ៏សំខាន់មួយជាមួយ SCO ប្រទេសកម្ពុជាក៏កំពុងរំពឹងទុកថា នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសចិនដែលជាកម្លាំងដ៏ធំនិងសកម្មរបស់ SCO នឹងរួមសាមគ្គីជាកម្លាំងប្រតិបត្តិការជាក់ស្តែងដ៏ខ្លាំងក្លា ឆ្លើយតបបានទៅនឹងតម្រូវការសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដោយរួមបញ្ចូលគ្នានូវរាល់ប្រាជ្ញា និងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកទាំងអស់។
ជារួម យើងក៏ប្រាកដផងដែរថា ប្រវត្ដិសាស្ដ្រពិភពលោកបានបង្ហាញថា វិថីនៃអរិយធម៌របស់មនុស្សជាតិ មិនដែលប្រព្រឹត្តទៅដោយរលូននោះទេ ហើយថាមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពដ៏ល្អប្រពៃ តាមរយៈការហែលកាត់នូវការលំបាកជាច្រើន។ យ៉ាងណាមិញ គ្មានការលំបាកណាមួយក្រៅពីភាពភ័យខ្លាច ដែលអាចបញ្ឈប់SCOពីការដំណើរឆ្ពោះទៅមុខនោះទេ។ ដរាបណា SCO បានចូលរួមសហការជាមួយគ្នាជាធ្លុងមួយក៏ដូចជា ប្រកៀកស្មារជាមួយបណ្តាប្រទេសដែលមានភក្តីភាព សម្រាប់ការសាងសហគមន៍ជោគវាសនារួមមនុស្សជាតិ នោះប្រាកដណាស់ដែលថា SCO ងើបឡើងយ៉ាងក្លាហានតទល់ជាមួយនឹងឧបសគ្គទាំងនោះ។
ប្រវត្តិសាស្រ្តត្រូវបានបង្កើតឡើងដោយអ្នកដែលអង់អាចក្លាហាន។ ចិនដែលជាសមាជិកសកម្មមួយរបស់ SCO កំពុងបង្កើននូវទំនុកចិត្តបញ្ចេញសកម្មភាព និងដើរក្បួនប្រកៀកស្មារជាមួយបណ្តាប្រទេស SCO រួមជាមួយប្រទេសដែលស្នេហានិងមានភក្តីភាព ចំពោះសន្តិភាពនិងការអភិវឌ្ឍសំដៅសម្រេចបាន នូវសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ នឹងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរក អនាគតភ្លឺស្វាងសម្រាប់មនុស្សជាតិទាំងអស់គ្នា នៅលើពិភពលោក។
ពិភពលោកកំពុងសម្លឹងមើលយកចិត្តទុកដាក់ ដើម្បីទាញបាននូវផលប្រយោជន៍និងកាលានុវត្តភាព ពីខ្លឹមសារជាសារវន្តនៃប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានអញ្ជើញផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២ ដើម្បីសម្រេចនូវគោលដៅ ក្នុងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ ព្រមទាំងការអប់រំ ថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការការពារបរិស្ថាន និងវិស័យផ្សេងៗទៀត ហើយជាពិសេសបណ្តាប្រទេសនានា និងចូលរួមប្រកៀកស្មារជាមួយ SCO ក្នុងគោលបំណងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងពិភពលោក ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូលផងដែរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន