(ប៉េកាំង)៖ នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងអំណោយនិង វត្ថុបុរាណវប្បធម៌មជ្ឈិមបក្ស សំលៀកបំពាក់ជាតិកាហ្សាក់ស្ថានមួយឈុត និងរូបសំណាក់អ្នករបាំឥណ្ឌូនេស៊ីមួយ ដែលធ្វើពីប៉សឺឡែនសំណ ត្រូវបានដាក់បង្ហាញនៅក្នុងទូរតាំងតែមួយ អំណោយជាតិទាំងពីរនេះមកពីប្រទេសខុសៗគ្នា ប៉ុន្តែពួកវាត្រូវបានសរសេរក្នុងប្រវត្តិសាស្ត្ររួមគ្នា ដោយសារតែគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ការពង្រីកមិត្តភាពរបស់ប្រជាជននិងការបង្កើតអនាគតកាន់តែប្រសើរ» នៅប្រទេសកាហ្សាក់ស្ថាន។ លោកបានបន្តទៀតថា៖ «យើងអាចប្រើគំរូសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»។
នៅពេលនោះ ប្រធានាធិបតីកាហ្សាក់ស្ថាន Nazarbayev បានឆ្លើយតបភ្លាមៗថា «រីករាយក្នុងការពង្រឹងការសម្របសម្រួល ជាមួយប្រទេសចិនលើយុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗខ្លួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម»។ តាំងពីពេលនោះមក ប្រទេសកាហ្សាក់ស្ថានបានទទួលអត្តសញ្ញាណថ្មីមួយ៖ ប្រភពដើមនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Xi Jinping បានទទួលសំលៀកបំពាក់ជាតិកាហ្សាក់ស្ថានមួយឈុត។ នៅប្រទេសកាហ្សាក់ស្ថាន អំណោយសំលៀកបំពាក់ជាតិគឺជាអតិថិវិន័យខ្ពស់បំផុត ដែលមានន័យថាដូចជាគ្រួសារជិតស្និទ្ធមួយ។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នាកសាងសហគមន៍រួមវាសនាមនុស្សជាតិចិន-អាស៊ាន» នៅរដ្ឋសភាឥណ្ឌូនេស៊ី។ លោក Xi Jinping បានថ្លែងថា «អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃ «ផ្លូវសូត្រសមុទ្រ» តាំងពីបុរាណកាលមក។ ប្រទេសចិនរីករាយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសមុទ្រ ជាមួយបណ្តាប្រទេសអាស៊ាន និងរួមគ្នាកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១»។ លោក Marzuki ប្រធានសភាឥណ្ឌូណេស៊ីនៅពេលនោះបានកោតសរសើថា លោកប្រធានរដ្ឋ Xi គឺជាអ្នកបង្កើតសុបិនដ៏អស្ចារ្យនៃ «ខ្សែក្រវាត់និងផ្លូវ»។
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក Xi Jinping បានទទួលរូបសំណាក់អ្នករបាំដែលធ្វើពីសំណនិងប៉សឺឡែន។ គួរឱ្យចាប់អារម្មណ៍នោះគឺរូបសំណាក់សំណប៉សឺឡែន គឺជាសិប្បកម្មប្រពៃណីចិនដែលត្រូវបាននាំចូល ទៅដល់ប្រទេសឥណ្ឌូនេស៊ីតាមរយៈផ្លូវសូត្រសមុទ្របុរាណ។ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បាននាំមកការកែប្រែដ៏ល្អជាច្រើនដល់កាហ្សាក់ស្ថាននិងឥណ្ឌូនេស៊ី។ ពីទ្វីបអឺរ៉ាស៊ី រហូតដល់ទ្វីបអាហ្រ្វិក អាមេរិកនិងអូសេអានី គម្រោងសាងសង់ «ខ្សែក្រវាត់និងផ្លូវ» មួយចំនួន ដែលតំណាងដោយមូលដ្ឋានសហប្រតិបត្តិការភស្តុភារចិន-កាហ្សាក់ស្ថាន Lianyungang និងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung កំពុងបន្តបញ្ចេញកម្លាំងទាក់ទាញនិងកម្លាំងឥទ្ធិពល៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)