(ប៊ីស្កេក)៖ នៅថ្ងៃសុក្រនេះ ប្រទេសតំបន់អាស៉ីកណ្តាល កៀហ្ស៉ីស៉ីស្ថាននិងតាហ្ស៉ីគីស្ថាន បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការប្រើប្រាស់សព្វាវុធធុនធ្ងន់ដូចជា រថក្រោះ រថពាសដែក និងកាំភ្លើងត្បាល់ ក្នុងជម្លោះព្រំដែនដែលនៅតែបន្ត បន្ទាប់ពីបានផ្តាច់ជីវិត មនុស្សយ៉ាងតិច៣នាក់ និងបង្កឱ្យរបួស២៧នាក់ តាំងពីការប៉ះទង្គិចគ្នាបានចាប់ផ្តើម កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ខាងកងកម្លាំងការពារព្រំដែនកៀហ្ស៉ីស៉ីស្ថាន បានអះអាងថា កងកម្លាំងតាហ្ស៉ីគីស្ថានជាថ្មីម្តងទៀត បានធ្វើសកម្មភាពវាយប្រហារ មកលើប៉ុស្តិ៍យាមកាមមួយចំនួនរបស់ខ្លួន កាលពីវេលាយប់រំលងអធ្រាត្រ ហើយការប៉ះទង្គិចគ្នាបានកើតមាន នៅតាមបណ្តោយព្រំប្រទល់ទាំងមូល ជាមួយកងកម្លាំងតាហ្ស៉ីស៉ីស្ថាន ដែលបានប្រើប្រាស់រថក្រោះ រថពាសដែក និងកាំភ្លើងត្បាល់ជាដើម។

ដោយឡែក ខាងតាហ្ស៉ីស៉ីស្ថានឯណោះវិញ បានចោទថា កងកម្លាំងកៀហ្ស៉ីស៉ីស្ថាន បានធ្វើការបាញ់ផ្លោងមកលើប៉ុស្តិ៍យាមកាម ១កន្លែងរបស់ខ្លួន ព្រមទាំងភូមិ៧កន្លែងផ្សេងទៀត ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់។ អាជ្ញាធរនៅទីក្រុងអ៉ីសហ្វារ៉ា (Isfara) របស់តាហ្ស៉ីស៉ីស្ថានបានអះអាងថា ជនស៉ីវិលម្នាក់បានស្លាប់ និង៣នាក់បានរងរបួស ខណៈកៀហ្ស៉ីស៉ីស្ថាន បានរាយការណ៍ពីមនុស្ស ១១នាក់ទទួលរងរបួស។

កិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន២ បានទទួលបរាជ័យ ខណៈអភិបាលខេត្តរបស់កៀហ្ស៉ីស៉ីស្ថាន និងតាហ្ស៉ីស៉ីស្ថាន ដែលស្ថិតនៅជាប់បណ្តោយព្រំដែន ត្រូវគេរំពឹងថានឹងជួបគ្នា ដើម្បីព្យាយាមម្តងទៀត ដើម្បីបញ្ចប់ជម្លោះថ្មីនេះ ខណៈរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីបញ្ហាខាងលើផងដែរ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនអតីតរដ្ឋសូវៀតទាំងពីរនេះ គឺធ្លាប់កើតមានឡើងជាញឹកញាប់ ប៉ុន្តែជាទូទៅ ពួកវាតែងថយចុះកម្តៅទៅវិញយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ កាលពីឆ្នាំ២០២១ ការប្រយុទ្ធគ្នាស្ទើរតែបានបង្កឱ្យផ្ទុះជាសង្រ្គាមតែម្តង រវាងប្រទេសទាំងពីរ៕