(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូង បានប្រគល់អដិ្ឋធាតុទាហានស្ម័គ្រចិត្តចិនចំនួន ៨៨នាក់ ដែលបានពលីជីវិត អំលុងសង្រ្គាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ពិធីធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពចិនខាងលើ ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ អ៉ីនឈន (Incheon) ភាគខាងលិចរដ្ឋធានីសេអ៊ូល ហើយយន្តហោះយោធាចិន Y-20 បានហោះចាកចេញពីកូរ៉េខាងត្បូង ដើម្បីនាំយកអដិ្ឋធាតុត្រឡប់ទៅ ទឹកដីកំណើតពួកគេវិញ។

វាគឺជាការធ្វើមាតុភូមិនិវត្តន៍លើកទី៩ហើយ នៃអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តចិន សម័យសង្រ្គាមកូរ៉េ គិតចាប់តាំងពីមានកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងភាគីទាំងពីរ កាលពីឆ្នាំ២០១៤។ អដ្ឋិធាតុកងទ័ពចិនសរុប៨២៥នាក់ ត្រូវបានប្រគល់ពីកូរ៉េខាងត្បូង ត្រឡប់ទៅដល់ប្រទេសចិនវិញ កាលពីចន្លោះឆ្នាំ២០១៤-២០២១ សម្រាប់រយៈពេល៨ឆ្នាំជាប់ៗគ្នា។

គួរបញ្ជាក់ថា រយៈពេល៧២ឆ្នាំមុន គឺនៅឆ្នាំ១៩៥០ កងទ័ពស្ម័គ្រចិត្តចិនសរុប២.៩លាននាក់ បានធ្វើដំណើរឆ្លងទន្លេ យ៉ាលូ (Yalu) ហើយប្រយុទ្ធនៅក្នុងសមរភូមិ តបតាមការស្នើសុំជំនួយពីប្រទេសកូរ៉េខាងជើង ហើយយ៉ាងហោចជាង ១៩០,០០០នាក់ បានពលីជីវិតរបស់ពួកគេ៕