(ព្រុចសែល)៖ សមាជិកសភាអឺរ៉ុបបានគាំទ្រដំណោះស្រាយមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលសម្រេចថ្កោលទោសសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅឯច្រកសមុទ្រតៃវ៉ាន់ ហើយបានអំពាវនាវឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសហភាពអឺរ៉ុប និងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍របស់សភាអឺរ៉ុប បានឲ្យដឹងថា ដំណោះស្រាយមួយត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិក ចំនួន៤២៤សំឡេង ទល់នឹង១៤សំឡេងជំទាស់ និង ៤៦សំឡេង បោះឆ្នោតអនុប្បវាទ ដោយទាមទារឲ្យទីក្រុងប៉េកាំងបញ្ឈប់វិធានការដែលធ្វើឲ្យច្រកសមុទ្រតៃវ៉ាន់ មានអស្ថិរភាព និងអសន្តិសុខក្នុងតំបន់។ ដោយលើកឡើងអំពីជំហរពាណិជ្ជកម្មជាយុទ្ធសាស្រ្តរបស់កោះតៃវ៉ាន់ និងតួនាទីឈានមុខក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃវិស័យបច្ចេកវិទ្យាសំខាន់ៗ រួមទាំងសម្រាប់គ្រឿងអេឡិចត្រូនិក ផងនោះ សេចក្តីសម្រេចខាងលើនេះ បានអំពាវនាវឲ្យ EU ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។
ជាមួយគ្នានេះ សភាអឺរ៉ុប បានស្វាគមន៍ផងដែរចំពោះផែនការរបស់ប្រទេសលីទុយអានី ក្នុងការបើកការិយាល័យតំណាងពាណិជ្ជកម្មនៅក្នុងទីក្រុងតៃប៉ិ ហើយជំរុញដល់បណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដែលគ្មានការិយាល័យពាណិជ្ជកម្មនៅទីនោះ គួរតែយកគំរូតាម។ ជាមួយនឹងការបន្ថែមប្រទេសលីទុយអានី មួយទៀត ឥឡូវនេះមានប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន១៦ ហើយដែលមានការិយាល័យតំណាងរបស់ខ្លួន នៅកោះតៃវ៉ាន់។ សហភាពអឺរ៉ុបក៏មានតំណាងប្រចាំនៅទីក្រុងតៃប៉ិ តាមរយៈការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអឺរ៉ុប ដែលធ្វើប្រតិបត្តិការជាស្ថានទូតជាក់ស្តែង ក្នុងករណីមានបញ្ហាណាមួយ។
គួរបញ្ជាក់ថា ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា កន្លងទៅ ប្រទេសចិនបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ ជុំវិញដំណោះស្រាយរបស់សភាអឺរ៉ុបខាងលើនេះ ក្រសួងការបរទេសតៃវ៉ាន់ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះបង្ហាញពីការព្រួយបារម្ភកម្រិតខ្ពស់ និងជាអន្តរភាគី ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕