(សាម៉ាក)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកយល់ឃើញថាប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping) មានចម្ងល់ និងក្តីកង្វល់អំពីស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកបានសរសើរមេដឹកនាំចិន ដែលបានរក្សាជំហរ «មានតុល្យភាព» លើជម្លោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងជំនួបទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីសង្រ្គាម លោក ពូទីន បានប្រាប់លោក ស៊ី យ៉ាងដូច្នេះថា «យើងវាយតម្លៃខ្ពស់ចំពោះជំហរតុល្យភាពរបស់មិត្តចិន កំលុងពេលនៃវិបត្តិនៅអ៊ុយក្រែន។ យើងយល់អំពីចម្ងល់ និងកង្វល់របស់ចិន ហើយក្នុងកិច្ចប្រជុំថ្ងៃនេះ យើងនឹងពន្យល់ពីជំហររបស់យើង ក៏ដូចជារឿងរាវលម្អិតលើបញ្ហាដែលយើងមិនធ្លាប់លើកឡើងពីមុនមក»។
ដោយឡែក លោក ស៉ី មិនបានគូសបញ្ជាក់អំពីបញ្ហាអ៊ុយក្រែន នៅក្នុងសុន្ទរកថាជាសាធារណៈនោះទេ។ ប៉ុន្តែនៅក្នុងជំនួបខាងលើនេះ លោក ស៉ី បានប្រាប់លោក ពូទីន ដោយគូសបញ្ជាក់ថា «ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បីដើរតួនាទីនាំមុខគេ ក្នុងការបង្ហាញការទទួលខុសត្រូវរបស់មហាអំណាច ជំរុញស្ថិរភាព និងថាមពលវិជ្ជមាន ទៅក្នុងបរិបទនៃពិភពលោកដែលកំពុងមានភាពចលាចល»។
គួរបញ្ជាក់ថា មុនពេលសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង មេដឹកនាំចិន និងរុស្ស៉ី ធ្លាប់បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ហើយបានចុះហត្ថលេខាលើកិច្ចសន្យាថានឹងសហការគ្នាបន្ថែមទៀត ដើម្បីប្រឆាំងនឹងលោកខាងលិច។ ភាពជាដៃគូយុទ្ធសាស្រ្តចិន-រុស្ស៉ី បានស្ថិតក្រោមការឃ្លាំមើលដ៏សំខាន់បំផុត ក្នុងភូមិសាស្រ្តនយោបាយពិភពលោក ក្រោយពេលដែលឥទ្ធិពលរបស់ចិន បានកើនឡើងក្នុងពេល ៤០ឆ្នាំចុងក្រោយនេះ៕