(វ៉ាស៉ីនតោន)៖ ចៅក្រមអាមេរិកមួយរូប នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរារាំងមិនឲ្យក្រសួងយុត្តិធម៌អាមេរិកបន្តការត្រួតពិនិត្យឡើងវិញលើឯកសារ សម្ងាត់ដែលប៉ូលិស FBI បានរឹបអូសចេញពីផ្ទះរបស់លោក ដូណាល់ ត្រាំ ដែលនេះហាក់ដូចជាការបង្ហាញជំហរឈរនៅខាង អតីតប្រធានាធិបតីអាមេរិករូបនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ចៅក្រមសហព័ន្ធ លោកស្រី អៃលីន ខេនណុន (Aileen Cannon) ក៏បានតែងតាំងចៅក្រមម្នាក់គឺលោក រ៉ាយម៉ុន ឌៀរី (Raymond Dearie) ឱ្យធ្វើជា «ភាគីទីបី» ផងដែរ ដើម្បីពិនិត្យមើលឯកសារដែលរឹបអូសដោយ FBI។ ក្រសួងយុត្តិធម៌អាមេរិក ធ្លាប់បានសន្យាថានឹងយកសំណុំរឿងនេះប្តឹងឧទ្ធរណ៍ ប្រសិនបើចៅក្រមលោកស្រី ខេនណុន សម្រេចប្រឆាំងនឹងសំណើរបស់ពួកគេ។ ជាមួយគ្នានេះ ក្រសួងក៏កំពុងព្យាយាមរារាំងមិនឲ្យភាគីទី៣ ធ្វើការពិនិត្យ មើលឯកសារជាង១០០ ក្នុងចំណោមឯកសារចំនួន ១១,០០០ច្បាប់ដែលរកត្រូវបានរឹបអូស នៅក្នុងការឆែកឆេរផ្ទះរបស់លោកត្រាំ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅផងដែរ។ យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងមេធាវីរបស់លោក ត្រាំ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក កំពុងស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ជុំវិញការសង្ស័យពាក់ព័ន្ធនឹង ការរក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ បន្ទាប់ពីលោកចាកចេញពីតំណែងក្នុងខែមករា ឆ្នាំ២០២១៕