(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ នោះវា នឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជា «ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានបន្ថែមថា រុស្ស៊ី «រក្សាសិទ្ធិការពារទឹកដីរបស់ខ្លួន» ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងកៀវ ទៀតនោះ វាអាចនិយាយបានថាជាការដើរហួសខ្សែបន្ទាត់ក្រហម ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយទៅជាភាគីផ្ទាល់នៃជម្លោះនេះដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ ៦០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ កញ្ចប់ជំនួយយោធាថ្មី ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ។ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេ រាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕