(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ ៦០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ដោយផ្អែកលើកំណត់ហេតុមួយរបស់សេតវិមានបញ្ជូនឱ្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថាលោក ចូ បៃដិន បានអនុម័តការផ្ដល់កញ្ចប់ជំនួយយោធាបន្ថែមខាងលើ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ឬ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអនុម័តលើការបញ្ជូនអាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ ខណៈមកទល់នឹងពេលនេះទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕