(កៀវ)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីកំពុងនៅក្នុងទីក្រុងកៀវ ដើម្បីជួបជាមួយមន្ត្រីនានា រួមទាំងប្រធានាធិបតី លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម លោកស្រី បាននិយាយថា «នៅទីក្រុងកៀវនេះ វាជាដំណើរទស្សនកិច្ចលើកទីបីរបស់ខ្ញុំហើយ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ី។ វាបានផ្លាស់ប្តូរជាច្រើន។ អ៊ុយក្រែនឥឡូវនេះគឺជាបេក្ខជនសហភាពអឺរ៉ុប។ ខ្ញុំនឹងពិភាក្សាជាមួយ លោក Zelensky និង(នាយករដ្ឋមន្រ្តី) លោក Denis Shmigar អំពីរបៀបបន្តធ្វើឱ្យសេដ្ឋកិច្ច និងប្រជាជនរបស់យើងកាន់តែជិតស្និទ្ធ ខណៈពេលដែលអ៊ុយក្រែនឈានទៅរកការចូលជាសមាជិក»