(អ៊ីស្លាម៉ាបាដ)៖ គ្រោះទឹកជំនន់ដែលមិនធ្លាប់មានពីមុនរបស់ប្រទេសប៉ាគីស្ថាន ដែលបានធ្វើឲ្យលិចលង់យ៉ាងសន្ធោសន្ធៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានសម្លាប់មនុស្សប្រមាណ ១,៥០០នាក់ ខណៈដែលអាជ្ញាធរកំពុងស្វែងរកការបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា គិតត្រឹមពេលនេះអ្នកស្លាប់សរុបមានចំនួន ១,៤៨៦នាក់ ក្នុងនោះមានកុមារ៥៣០នាក់។
ទឹកជំនន់ដែលនាំមកដោយភ្លៀងធ្លាក់ខ្យល់មូសុង និងការរលាយទឹកកកនៅតំបន់ភ្នំភាគខាងជើង បានប៉ះពាល់ដល់មនុស្ស ៣៣លាននាក់ នៃចំនួនប្រជាជនសរុប ២២០លាននាក់ ដោយបានបោកបក់បំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វពាហនៈ គិតជាទឹកប្រាក់ចំនួន ៣០ពាន់លានដុល្លារ៕