(ញូដេលី)៖ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាចណាត ស៉ីញ (Rajnath Singh) បានឱ្យដឹងថា រូបលោកបានលើកឡើងក្តីបារម្ភអំពី ការប្រកាសកញ្ចប់សេវាកម្មជួសជុលថែទាំ នាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ក្រុមយន្តហោះចម្បាំងប៉ាគីស្ថាន F-16 កំលុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានប្រាប់ថា លោកបាននិយាយទូរស័ព្ទជាមួយលោក អូស្ទីន ហើយកំលុងពេលកិច្ចសន្ទនា ភាគីទាំងពីរបានជជែកអំពី ផលប្រយោជន៍យុទ្ធសាស្រ្តរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ។ លោក ស៉ីញ បានបន្ថែមថា នាឱកាសនោះ រូបលោកក៏បានបង្ហាញពីក្តីកង្វល់របស់ឥណ្ឌា ចំពោះការសម្រេចចិត្តថ្មីៗនេះរបស់ភាគីអាមេរិក ក្នុងការផ្តល់កញ្ចប់សេវាកម្មជួសជុលថែទាំ និងសម្ភារៈពាក់ព័ន្ធផ្សេងៗ សម្រាប់យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថានផងដែរ។

កាលពីសប្តាហ៍កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយ (Ned Price) បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោន នឹងលក់កញ្ចប់សេវាកម្មរួមជាមួយសម្ភារៈពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់៤៥០លានដុល្លារ ដល់ទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីជួយដល់ការពន្យារ អាយុកាលប្រើប្រាស់ នៃក្រុមយន្តហោះចម្បាំង F-16 ប្រមាណ៨៥គ្រឿង របស់កងទ័ពអាកាសប៉ាគីស្ថាន។

គួរបញ្ជាក់ថា ប៉ាគីស្ថាននិងឥណ្ឌា ដែលជាប្រទេសជិតខាងនិងជាគូសត្រូវក្នុងតំបន់ ធ្លាប់បានផ្ទុះសង្រ្គាមឡើងជាមួយគ្នាចំនួន ៤លើក ហើយកងកម្លាំងរបស់ពួកគេ ក៏ធ្លាប់ប៉ះទង្គិចនៅតាមព្រំដែនច្រើនញឹកញាប់ផងដែរ។ កាលពីឆ្នាំ២០១៩ ឥណ្ឌាបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងដែលខ្លួនចោទថា ជាកន្លែងហ្វឹកហាត់របស់ក្រុមភេរវករ នៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន។ ជាការឆ្លើយតប យន្តហោះចម្បាំងប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-21 ឥណ្ឌា១គ្រឿង ហើយចាប់ខ្លួនពីឡុតយន្តហោះនោះបានថែមទៀតផង។ រីឯឥណ្ឌាបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន១គ្រឿង ប៉ុន្តែទីក្រុងអ៉ីស្លាម៉ាបាដ បានចេញមុខបដិសេធ៕