(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឱ្យដឹងថា ទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាលើ អនុស្សារណៈកាតព្វកិច្ច ដើម្បីក្លាយជាសមាជិកអចិន្រ្តៃយ៍ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ប្រមុខការទូតអ៉ីរ៉ង់ លោក ហូស្សេន អាមីរ៉ាប់ដូលឡាហ៉ីយ៉ាន (Hossein Amirabdollahian) បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តាមរយៈការចុះហត្ថលេខាលើឯកសារ សម្រាប់ការចូលជាសមាជិកពេញលេញ នៃអង្គការ SCO ឥឡូវនេះ អ៉ីរ៉ង់ក្លាយបោះជំហានចូល ដំណាក់ថ្មីសន្លាងមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន និងថាមពលចម្រុះជាច្រើន»

អគ្គលេខាធិការរងនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ លោក ហ្រ្គីហ្កោរី ឡូកវីនូវ (Grigory Logvinov) បាននិយាយថា ចាប់ពីពេលនេះ អ៉ីរ៉ង់នឹងអាចចូលរួមក្នុងកិច្ចប្រជុំផ្សេងៗបានរបស់ SCO ប៉ុន្តែវាអាចប្រើពេលយូរបន្តិច មុនក្លាយជាសមាជិកពេញលេញតែម្តង។ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) កំពុងស្ថិតក្នុងទីក្រុងសាម៉ាកាន់ (Samarkand) នៃប្រទេសអ៊ូសបេគីស្ថាន នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ SCO ហើយលោក ក៏បានជួបទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។

គួរបញ្ជាក់ថា អង្គការសន្តិសុខ-នយោបាយ-សេដ្ឋកិច្ចតំបន់អឺរ៉ាស៉ីខាងលើ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០១ ដោយចិន រុស្ស៉ី អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន និងតាហ្ស៉ីគីស្ថាន ហើយមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីប៉េកាំងប្រទេសចិន។ កាលពី៤ឆ្នាំមុន អង្គការ SCO ក៏ត្រូវបានពង្រីកបន្ថែមម្តងរួចមកហើយ ដើម្បីបញ្ចូលឥណ្ឌានិងប៉ាគីស្ថាន៕