(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានដាក់ «កំណត់ទូតមួយ» ផ្ញើទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ដែលនឹងជួយពង្រឹងការគាំទ្រផ្នែកយោធា របស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «ប្រសិនបើច្បាប់ថ្មីនេះនៅតែដំណើរការទៅមុខ វានឹងជះផលប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន»។
គួរបញ្ជាក់ថា គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក បានគាំទ្រច្បាប់គោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ២០២២ ក្នុងសំឡេងគាំទ្រ១៧ ទល់នឹង៥សំឡេងជំទាស់ ទោះបីជាមានការព្រួយបារម្ភថាច្បាប់ថ្មីនេះ អាចបង្កឲ្យមានការខឹងសម្បារ ពីសំណាក់ទីក្រុងប៉េកាំងក៏ដោយ៕