(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកញ្ញា វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី «ដៃគូអាស៊ាន» ឆ្នាំ២០២២ ដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលភូមិភាគស្វយ័តក្វាំងស៊ី បានបើកធ្វើនៅទីក្រុងណាននីង។
ភ្ញៀវកិត្តិយសចិននិងអន្តរជាតិជាង១៨០រូប ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីពិភាក្សាអំពីប្រធានបទ «វៃឆ្លាត រួមបញ្ចូល ប្រមូលផ្តុំកម្លាំង» ក្នុងគោលបំណងជំរុញប្រព័ន្ធសារព័ត៌មានប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ឱ្យធ្វើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ ក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកដល់ការបង្កើត សហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត។
លោក Lan Tianli ប្រធានរដ្ឋបាលភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ី លោក Yan Xiaoming អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលរួមពិធីបើកវេទិកានិងថ្លែងសុន្ទរកថា។ លោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ដែលជិតនឹងឡើងកាន់តំណែងជាអគ្គលេខាធិការអាស៊ាន បានថ្លែងសុន្ទរកថាតាមអនឡាញ។
លោក Yan Xiaoming បានលើកឡើងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ដែលបានចង្អុលបង្ហាញទិសដៅឈានទៅមុខ នៃការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត។ វេទិកាលើកនេះជារបៀបថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសអាស៊ាន ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈបន្តធ្វើកិច្ចសហប្រតិបត្តិការដែលរួមគ្នាកសាង ចែករំលែកគ្នានិងឈ្នះ-ឈ្នះគ្នា ដើម្បីជំរុញការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមក ពីអរិយធម៌មនុស្សជាតិ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងប្រើប្រាស់ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា «5G+4K/8K+AI» ដើម្បីបញ្ចូលកម្លាំងចលករថ្មីដល់ ការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី នៃឧស្សាហកម្មវប្បធម៌ប្រព័ន្ធផ្សព្វផ្សាយនៃពិភពលោក។
លោក Deng Xijun បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ានមិនអាចធ្វើបាន ដោយគ្មានការចូលរួមគាំទ្រយ៉ាងសកម្ម ពីប្រព័ន្ធសារព័ត៌មាននោះទេ។ យើងត្រូវបន្តពង្រីកសក្តានុពល នៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានថែមទៀត ដើម្បីរួមចំណែកដល់ការស្វែងយល់ពីគ្នា។
លោក កៅ គឹមហួន បានថ្លែងថា សង្ឃឹមថាអាស៊ាននិងចិននឹងបន្តខិតខំក្នុងការបង្កើតទំនាក់ទំនង ដែលមានលក្ខណៈស្ថាបនានិងវិជ្ជមាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ដូចជា បណ្តាស្ថាប័នសារព័ត៌មានរបស់អាស៊ាន អាចដើរតួនាទីគន្លឹះក្នុងវិស័យនេះ ដែលនឹងជួយដល់ការបង្កើនទំនុកចិត្តរវាងគ្នា។ យើងចាប់ដៃគ្នាឆ្លើយតបបញ្ហា ដែលកំពុងប្រឈមនិងការប្រឈមនៅពេលអនាគត ដើម្បីរួមចំណែកក្នុងការធានាដល់ភាពរុងរឿង សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក។
សូមបញ្ជាក់ថា ក្នុងវេទិកានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានអាស៊ាន បានចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការជុំថ្មី គម្រោងសហការសំខាន់ចំនួនពីរក៏បានចាប់ដំណើរការផងដែរ ពោលគឺ «មូលដ្ឋានបណ្តុះបណ្តាលអ្នកល្បីតាមអ៊ីនធើណេត GenZ» និង «Hotline ប្រព័ន្ធសារព័ត៌មានចិន-អាស៊ាន»។
ក្នុងវេទិកាតាមអនឡាញនាថ្ងៃដដែល លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក An Xiaoyu ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម បានថ្លែងសុន្ទរកថាដោយឡែកគ្នាស្តីអំពី «កិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានបែបច្នៃប្រឌិត ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាស៊ាន»៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន