(ប៉េកាំង)៖ និយាយចំពោះគ្រួសារជាច្រើន ការចូលរៀននៅឆ្នាំសិក្សាថ្មីជាកិច្ចចាប់ផ្តើមថ្មីដែលគួរឱ្យអ្នកផងរំភើបចិត្ត។ ប៉ុន្តែនិយាយចំពោះលោក Garza អ្នកក្រុងរបស់ក្រុង Uvalde រដ្ឋTexasរបស់អាមេរិកវិញ បែរជាអនុស្សាវរីយ៍ដ៏ឈឺចាប់។
ជាង៣ខែមុន ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលសាលាបថមសិក្សា Robb នៃតំបន់នេះ ធ្វើឧក្រិដ្ឋកម្មបណ្តាលឱ្យសិស្ស១៩នាក់ និងគ្រូបង្រៀនពីរនាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកូនស្រីតែមួយគត់របស់លោក Garza ដែរ។ កាលនោះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានសន្យាថា នឹងចាត់វិធានការជាក់ស្តែង ព្រមទាំងបានចុះហត្ថលេខាលើសេចកី្តព្រាងច្បាប់ ស្តីពីការគ្រប់គ្រងកាំភ្លើងនៅខែមិថុនា ដែលត្រូវគេហៅថាជាសេចកី្តព្រាងច្បាប់ដ៏សំខាន់ជាងគេ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក។ ប៉ុន្តែ រឿងសោកនាដកម្មដែលផ្តាច់ជីវិតប្រជាជនឥតទោសពៃរ៍ ដោយកាំភ្លើងមិនបានត្រូវកាត់បន្ថយនោះទេ។
នៅចុងសប្តាហ៍ចុងក្រោយនេះ រដ្ឋ Illinois រដ្ឋ Kentucky រដ្ឋ Indiana រដ្ឋ Pennsylvania និងរដ្ឋញូវយ៉ក សំឡេងកាំភ្លើងបានលាន់ឮ ឥតឈប់ឈរ ដែលអាចបញ្ជាក់ថា អាមេរិកបានឆ្លង «ចុងសប្តាហ៍ប្រឡាក់ដោយឈាម» មួយទៀត។ ទិន្នន័យថ្មីបំផុត ដែលវេបសាយបណ្ណសារអំពីអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិក បានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ថា តាំងពីចូលឆ្នាំនេះមក នៅស្រុកអាមេរិក មានមនុស្សលើសពី៣ម៉ឺន១ពាន់នាក់ស្លាប់បាត់បង់ជីវិត ដោយមកពីអំពើហិង្សាដោយកាំភ្លើង គិតជាមធ្យម ក្នុងមួយថ្ងៃ មានមនុស្ស១២២នាក់ ត្រូវគេផ្តាច់ជីវិត។ អំពើហិង្សាដោយកាំភ្លើងបានក្លាយជា “ការបំភិតបំភ័យ”យ៉ាងធ្ងន់ធ្ងរក្នុងសង្គមអាមេរិក។ ក្នុងនោះ សាលារៀនជាកន្លែងដែលកើតមានអំពើហិង្សាដោយកាំភ្លើងច្រើនជាងគេ។
ហេតុអ្វីបានជានៅប្រទេសរីកលូតលាស់ជាងគេនៅលើពិភពលោក កើតមានឧក្រិដ្ឋកម្ម ហិង្សាដោយកាំភ្លើងឥតឈប់ឈរ? អ្នកវិភាគបានលើកឡើងថា នេះគឺដោយមកពីសេចកី្តព្រាងច្បាប់ទីពីរ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់អាមេរិកពិបាកកែប្រែទេ ក្រៅពីនេះក៏មានទំនាក់ទំនងជាមួយការខ្វែងគំនិត អំពីបញ្ហាគ្រប់គ្រងកាំភ្លើងរវាងគណបក្សទាំងពីររបស់អាមេរិកផងដែរ។ អាមេរិកជាប្រទេសដែលប្រជាជនមានកាំភ្លើងច្រើនជាងគេនៅលើពិភពលោក។ ទិន្នន័យស្ថិតិបានបង្ហាញថា លទ្ធភាពដែលជនជាតិអាមេរិកស្លាប់បាត់បង់ជីវិតក្នុងរឿងបាញ់កាំភ្លើង ខ្ពស់ជាង២៥ដង បើប្រៀបធៀបនឹងប្រទេសចំណូលខ្ពស់ផ្សេងទៀត។
ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងរហូតដល់ចាប់ពង្រត់របស់ក្រុមផលប្រយោជន៍ បណ្តាលឱ្យទងើ្វហិង្សាដោយកាំភ្លើងមានភាពកាន់តែធ្ងន់ធ្ងរនិងពិបាកដោះស្រាយ។ នៅស្រុកអាមេរិក ការផលិតនិងលក់ដូរអាវុធជាឧស្សាហកម្មធំមួយ ទំហំទីផ្សារបានឡើងដល់ចំនួន៧ម៉ឺន ៥រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០២១។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដែលមានឥទ្ធិពលខ្លាំងជាងគេនៅអាមេរិក សមាគមកាំភ្លើងជាតិអាមេរិក (ហៅកាត់ NRA ) បានផ្តល់ប្រាក់ជំនួយផ្នែកនយោបាយយ៉ាងច្រើនសម្បើម ក្រៅពីនេះ ជារៀងរាល់ឆ្នាំ សមាគមនេះក៏បានប្រើប្រាស់ថវិកាជាច្រើនសម្រាប់ ឃោសនាបំប៉ោងពីសារសំខាន់នៃការកាន់កាំភ្លើងដោយស្របច្បាប់ ក្នុងន័យរារាំងការអនុវត្តវិធានការគ្រប់គ្រងកាំភ្លើងរបស់រដ្ឋាភិបាល។
«ករណីបាញ់ប្រហារតែងតែកើតមានជាញឹកញាប់នៅអាមេរិក មនុស្សស្ទើរតែទាំងអស់សុទ្ធតែរស់នៅក្នុងសភាពភ័យខ្លាច» នេះជាបទអត្ថាធិប្បាយរបស់កាសែត «ញូវយ៉ក ថាមស៍» នៅពីក្រោយនេះ ក្រុមផលប្រយោជន៍របស់អាមេរិកកំពុងទទួលបាន ទ្រព្យសម្បតិ្តកាន់តែច្រើនជាបន្តបន្ទាប់ ដែលបានមកពីការផលិតនិងលក់ដូរអាវុធ ហើយនេះក៏ជាប្រភពប្រាក់បរិច្ចាគ របស់អ្នកនយោបាយអាមេរិកផងដែរ។ នៅក្រោមយីហោ «ប្រជាធិបតេយ្យបែបអាមេរិក» ដ៏លាក់ពុត បើអាមេរិកចង់ភ្ញាក់ពីសុបិនអាក្រក់ នៃការបាញ់កាំភ្លើង នោះនៅតែជារឿងដែលឈោងមិនដល់៕
អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជាចិន