(ម៉ុមបៃ)៖ កំលុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា រដ្ឋមន្រ្តីការទេសបាំរាំង លោកស្រី កាត់តេរីន កូលូនណា (Catherine Colonna) បានប្រាប់បណ្តាញព័ត៌មានឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះថា បារំាងបានដឹង និងគោរពចំពោះការសម្រេចចិត្តរបស់ឥណ្ឌា ក្នុងការរក្សាទំនាក់ទំនងជាមួយរុស្ស៉ីលើវិស័យថាមពល និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
នៅពេលត្រូវបានសាកសួរអំពី ការធ្វើពាណិជ្ជកម្មប្រេងរបស់ឥណ្ឌា និងទំនាក់ទំនងជាមួយរុស្ស៉ី លោកស្រី កូលូនណា បានគូសបញ្ជាក់ថា «យើងយល់អំពីភាពខុសប្លែកគ្នានៃការធ្វើទំនាក់ទំនង ជាមួយរុស្ស៉ី។ យើងដឹងអំពីប្រវត្តិនៃទំនាក់ទំនង ពីអតីតកាលនិងបច្ចុប្បន្នរបស់ឥណ្ឌា ជាមួយរុស្ស៉ី ដូច្នេះយើងគោរពការសម្រេចចិត្ត ដើម្បីបន្តទំនាក់ទំនងមួយចំនួននេះ»។
គួរបញ្ជាក់ថា រុស្ស៉ីគឺជាអ្នកផ្គត់ផ្គង់វិស័យការពារជាតិដ៏សំខាន់របស់ឥណ្ឌា ហើយការនាំចូលប្រេងឆៅនិងធ្យូងថ្មពីរុស្ស៉ី ក៏បានកើនឡើង ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ អ្នកការទូតរបស់លោកខាងលិច និងមន្រ្តីដទៃទៀត កំពុងព្យាយាមពង្រីក ការគាំទ្រសម្រាប់ផែនការរបស់ក្រុមប្រទេស G7 រួមទាំងបារាំងផងនោះ ដើម្បីកាត់បន្ថយតម្លៃឧស្ម័នរបស់រុស្ស៉ី៕