(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា តួលេខនៃករណីឆ្លងកូវីដ១៩ថ្មីៗ គឺមានការថយចុះយ៉ាងខ្លាំង ប៉ុន្តែលោកបានទទូចឱ្យប្រទេសទាំងអស់ បន្តរក្សាកិច្ចប្រឹងប្រែងរបស់ពួកគេប្រឆាំងនឹងជំងឺនេះ ដើម្បីអាចឈានទៅបញ្ចប់វាបានជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន តាមសន្និសីទសារព័ត៌មានអនឡាញមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ អគ្គនាយក WHO លោក ថេដ្រូស អាដហាណូម ហ្កេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «ពេលនេះ យើងកំពុងស្ថិតនៅទីតាំងប្រសើរជាងពេលណាៗបំផុត ដើម្បីឆ្ពោះទៅបញ្ចប់ជំងឺរាតត្បាតសកលកូវីដ១៩។ ពួកយើងមិនទាន់ឈានជើងដល់ទីនោះនៅឡើយទេ ប៉ុន្តែទីបញ្ចប់កំពុងអាចត្រូវមើលឃើញ ជាបណ្តើរៗហើយ»

បើតាមលោក ថេដ្រូស ករណីឆ្លងថ្មីៗដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោក កាលពីសប្តាហ៍មុន គឺស្ថិតនៅកម្រិតទាបបំផុត គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ ទោះជាបែបនេះក្តី លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើយើងពុំចាប់យកឱកាសនាពេលនេះទេ យើងនឹងនៅប្រឈមហានិភ័យ នៃវីរុសបំប្លែងថ្មី ការស្លាប់ ការរំខាន និងភាពមិនច្បាស់លាស់ បន្ថែមទៀត»

ដូច្នេះហើយ លោកប្រមុខ WHO បានទទូចឱ្យប្រជាជាតិនានា ធ្វើការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់ក្រុមប្រជាជន ដែលរងហានិភ័យខ្ពស់ ឱ្យបាន១០០ភាគរយ ហើយបន្តការធ្វើតេស្តរកជំងឺនេះ។ ទន្ទឹមគ្នាដែរ WHO បានព្រមានអំពីលទ្ធភាពនៃរលកឆ្លងថ្មីៗទៀត នាពេលអនាគត ហើយជំរុញឱ្យប្រទេសទាំងអស់ ត្រូវរក្សាបរិក្ខារវេជ្ជសាស្រ្តនិងបុគ្គលិកផ្នែកសុខាភិបាល ក្នុងចំនួនគ្រប់គ្រាន់ សម្រាប់ពេលចាំបាច់។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះឡើងដំបូងកាលពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ករណីឆ្លងនៃជំងឺកូវីដ១៩ បានកើនដល់ ៦១៥.៥ លាននាក់ ក្នុងនោះករណីស្លាប់ចំនួន៦.៥លាននាក់៕