(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) នឹងបើកកិច្ចប្រជុំមួយទល់មួយ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅក្រៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសខាងលើ ជំនួបជាមួយលោក គីស៉ីដា ជាពិសេស នឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូង រវាងកូរ៉េខាងត្បូងនិងជប៉ុន នៅក្នុងរយៈពេលជិត៣ឆ្នាំ ចាប់តាំងពីជំនួបកំពូលលើកចុងក្រោយ បានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៩។ ការជួបមុខគ្នា រវាងលោក យូន និងលោក គីស៉ីដា ក៏នឹងអាចជួយបង្កើនក្តីសង្ឃឹម ក្នុងការលើកស្ទួយទំនាក់ទំនងទ្វេភាគីផងដែរ ដែលមានភាពល្អក់កករ ដោយសារតែបញ្ហាកាលពីអតីតកាល ពាក់ព័ន្ធនឹងសម័យកាលត្រួតត្រារបស់ជប៉ុន នៅលើឧបទ្វីបកូរ៉េឆ្នាំ១៩១០-១៩៤៥។
ទីប្រឹក្សារងផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូង លោក គីម តែយ៉ូ (Kim Tae-hyo) បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើជាមួយលោក គីស៉ីដា និងលោក បៃដិន គឺត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ ប៉ុន្តែពេលវេលាជាក់លាក់ នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ។ សម្រាប់ជំនួបជាមួយលោក បៃដិន លោក យូន ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាលើការអនុវត្ត នូវការព្រមព្រៀងគ្នាផ្សេងៗ ដែលសម្រេចបាន កំលុងកិច្ចប្រជុំកំពូលលើកដំបូង រវាងមេដឹកនាំទាំងពីរ នៅទីក្រុងសេអ៊ូល កាលពីខែឧសភា ឆ្នាំនេះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវទៅចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍ក្រោយ ជាផ្នែកនៃដំណើរបំពេញទស្សនកិច្ចទៅកាន់៣ប្រទេស ដែលនឹងមើលឃើញលោក យូន ធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចូលរួមពិធីបុណ្យសពនៃ ម្ចាស់ក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ ព្រមទាំងទៅប្រទេសកាណាដា ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តី លោក ចាស្ទិន ទ្រូដូ (Justin Trudeau) ផងដែរ៕