(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ប្រទេស នៅថ្ងៃសុក្រសប្តាហ៍នេះ នឹងពិចារណាលើសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលចង់ថ្លែងសារទៅកាន់ការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅសប្ដាហ៍ក្រោយនេះ តាមរយៈវីដេអូដែលត្រូវបានថតទុកជាមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ដំបូងឡើយ លោក ហ្សេលេនស្គី ត្រូវមានវត្តមានដោយផ្ទាល់ក្នុងជំនួបនៃមហាសន្និបាត UN ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី២១ ខែកញ្ញាខាងមុននេះ។ ប៉ុន្តែ លោក ហ្សេលេនស្គី មិនអាចមកចូលរួមដោយផ្ទាល់បាន ដោយសារតែការឈ្លានពានរបស់រុស្ស៊ីកំពុងបន្តធ្វើឡើងនៅអ៊ុយក្រែន នៅឡើយ ដូច្នេះហើយទើបកលោកចង់ថ្លែង សុន្ទរកថាតាមរយៈវីដេអូថតទុកជាមុន។ ក៏ប៉ុន្តែ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្ស៉ីយ៉ា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា រុស្ស៊ីប្រឆាំងនឹងការអនុញ្ញាតឱ្យលោក ហ្សេលេនស្គី ថ្លែងសុន្ទរកថាតាមរយៈវីដេអូ។
គួរបញ្ជាក់ថា អស់រយៈពេលពីរឆ្នាំកន្លងមកនេះ មេដឹកនាំពិភពលោកត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្តីថ្លែងការណ៍ជាវីដេអូ ដោយសារបញ្ហាជំងឺកូវីដ ១៩ ប៉ុន្តែនៅឆ្នាំនេះ មេដឹកនាំទាំងអស់ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីជួបប្រជុំដោយផ្ទាល់ក្នុងអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ៕