(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា កងទ័ពជើងទឹករុស្ស៉ី និងចិន កំពុងដឹកនាំការធ្វើប្រតិបត្តិការល្បាតរួមគ្នា នៅក្នុងតំបន់មហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីនៅលើបណ្តាញតេឡេក្រាម បានឲ្យដឹងថា កងនាវិកនៃភាគីទាំងពីរកំពុងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តរួមគ្នា និងអនុវត្តសមយុទ្ធដែលពាក់ព័ន្ធនឹងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ភារកិច្ចនៃការល្បាតរួមគ្នានេះ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើនាវាចររវាងរុស្ស៉ី និងចិន ការរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ការត្រួតពិនិត្យស្ថានការណ៍នៅឆ្នេរសមុទ្រ និងការការពារទីតាំងសេដ្ឋកិច្ចដែនសមុទ្ររុស្ស៉ី និងចិន។ ការធ្វើប្រតិបត្តិការល្បាត រួមគ្នានេះទៀតសោត ធ្វើឡើងខណៈលោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងជួបមុខគ្នាដោយផ្ទាល់នៅឯកិច្ចប្រជុំមួយ ក្នុងប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕