(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរដ្ឋធានីកៀវ ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។ នេះបើតាមអ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី គឺលោក ស៊ែរហ៊ី នីគីហ្វូរ៉ូវ (Serhii Nykyforov) បានឱ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅពេលដែលរថយន្ដ របស់លោក ហ្សេលេនស្គី បុកគ្នាជាមួយរថយន្ដឯកជនមួយគ្រឿង។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថាតើគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់បន្ថែមក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃព្រហស្បតិ៍នេះថាលោក ហ្សេលេនស្គី ទទួលបានការត្រួតពិនិត្យពីគ្រូពេទ្យភ្លាមៗ ហើយមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ខណៈការស៊ើបអង្កេតមួយអាចនឹងត្រូវធ្វើឡើង។

គួរបញ្ជាក់ថា ប៉ុន្មាននាទីក្រោយការបង្ហោះសាររបស់លោកនីគីហ្វូរ៉ូវ ការិយាល័យរបស់លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូមួយដែលលោក ហ្សេលេនស្គី តែងតែថ្លែងសារជារៀងរាល់ថ្ងៃ៕