(មូស្គូ)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនមានអារម្មណ៍ថា ការប្រើកម្លាំងយោធាឈ្លានពានអ៊ុយក្រែន គឺជាកំហុសឆ្គងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
លោក អូឡាហ្វ សូលស៍ ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីហ្សកហ្ស៉ី លោក អ៉ីរ៉ាគ្លី ហ្ការីបាស្វីលី (Irakli Garibashvili) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីលោកបានជួបពិភាក្សាតាមទូរស័ព្ទចាយពេលជាង ៩០នាទីជាមួយលោក ពូទីន កាលពីថ្ងៃអង្គារ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «គួរឱ្យសោកស្ដាយ ខ្ញុំមិនអាចប្រាប់អ្នកបានទេថាអារម្មណ៍ មានការកើនឡើងដែលថាវាជាកំហុសឆ្គងចំពោះការបង្កសង្រ្គាមនេះឡើង...ហើយវាក៏គ្មានោះដែរសញ្ញាបញ្ជាក់ថាឥរិយាបថថ្មីកំពុងលេចឡើង»។
គួរបញ្ជាក់ថា នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក ពូទីន លោក សូលស៍ បានជំរុញឱ្យមេដឹកនាំរុស្ស៉ីរូបនេះត្រឡប់មករកដំណោះស្រាយការទូត ឈរលើមូលដ្ឋានបទឈប់បាញ់ និងការដកកងទ័ពរុស្ស៉ីទាំងស្រុងចេញពីអ៊ុយក្រែន ព្រមទាំងគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដ្បិតលោកយល់ថាមានតែការដកទ័ពចេញទាំងស្រុងពីអ៊ុយក្រែនទេ ទើបជាមធ្យោបាយស្វែងរកសន្តិភាពសម្រាប់តំបន់៕