(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសដាក់បញ្ចូលពលរដ្ឋអង់គ្លេសចំនួន ៣០នាក់បន្ថែមទៀត ទៅក្នុងបញ្ជីបុគ្គល ដែលត្រូវបានហាមឃាត់ចូលក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងថា ជនជាតិអង់គ្លេសទាំង ៣០នាក់ ដែលត្រូវបានហាមឃាត់ចូលក្នុងប្រទេសបន្ថែមនេះ ក្នុងនោះរួមមានទាំងអ្នកឡប់ប៊ីអាវុធរបស់ក្រុមហ៊ុនលក់អាវុធអង់គ្លេស ដែលកំពុងលើកទឹកចិត្តឲ្យមានការប្រឆាំងនឹងរុស្ស៊ី។
គួរបញ្ជាក់ថា អង់គ្លេសបានដឹកនាំក្នុងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ក្នុងខែកុម្ភៈ ហើយអង់គ្លេសក៏ជាអ្នកគាំទ្រដ៏មោះមុតបំផុតរបស់ក្រុងកៀវផងដែរ៕