(តូក្យូ)៖ ប្រទេសជប៉ុន គ្រោងនឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមួយចំនួន ហើយដកចេញនូវការកំណត់ចំនួនអ្នកដំណើរប្រចាំថ្ងៃ ចូលក្នុងប្រទេស នៅខែតុលាខាងមុខនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោក។ នេះបើយោតាម ការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

បន្ទាប់ពីមានការផ្លាស់ប្តូរនេះ ជប៉ុននឹងមិនទាមទារទិដ្ឋាការសម្រាប់អ្នកធ្វើដំណើររយៈពេលខ្លី មកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត នោះឡើយ ព្រមទាំងនឹងលុបចោលផងដែរនូវការកំណត់ចំនួនអ្នកចូលមកក្នុងប្រទេសប្រចាំថ្ងៃ ៥០,០០០នាក់ ដែលបានដាក់ចេញកន្លងមក។ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ត្រូវបានគេរំពឹងថានឹងប្រកាសអំពីការផ្លាស់ប្តូរនេះ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា មុនផ្ទុះកូវីដ១៩ ជប៉ុន មិនបានតម្រូវឲ្យមានទិដ្ឋាការទេសចរណ៍សម្រាប់ប្រទេស និងតំបន់ចំនួន ៦៨។ ដោយសារតែប្រាក់យ៉េន បានធ្លាក់ចុះជិតដល់កម្រិតទាប ក្នុងរយៈពេល ២៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លាររបស់ សហរដ្ឋអាមេរិក រដ្ឋាភិបាលជប៉ុនកំពុងរៀបចំគោលនយោបាយ ដើម្បីទាញយកអត្ថប្រយោជន៍ ពីការបង្កើនចំនួនភ្ញៀវទេសចរតាមរយៈការបន្ធូរបន្ថយតម្រូវការធ្វើដំណើរ៕