(វ៉ាស៊ីនតោន)៖ កងទ័ពអ៊ុយក្រែនវាយរំដោះទឹកដីបានជាង ៨,០០០គីឡូម៉ែត្រក្រឡាហើយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពោលគឺវាមានទំហំធំជាងផ្ទៃដីដែល កងទ័ពរុស្ស៉ីវាយកាន់កាប់បានក្នុងពេលជាង ៦ខែ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងទៅទៀត។ ទង់ជាតិអ៊ុយក្រែនត្រូវបានដោត និងបាក់រវិចៗសាជាថ្មីនៅតាមទីក្រុង និងភូមិ ជាច្រើនដែលត្រូវបានរំដោះ ខណៈប្រតិបត្តិការវាយលុកក្នុងតំបន់ប៉ែកឦសាន និងខាងត្បូងនៃប្រទេសកំពុងរុញច្រានឱ្យកងទ័ពរុស្ស៉ីដកថយដោយទុកចោលរថក្រោះ និងអាវុធជាច្រើន។

តើនេះមានន័យថាស្ថានការណ៍សង្រ្គាមបានផ្អៀងទៅខាងអ៊ុយក្រែន ឬ? ហើយតើអ្វីទៅជាជំហានបន្ទាប់របស់លោក ពូទីន? ជាយុទ្ធសាស្ត្រ លទ្ធផលនៅសមរភូមិ គឺពិតជា មានសារៈសំខាន់ តែវាមិនមែនមានន័យថាជាទីបញ្ចប់ នោះឡើយ។ ខណៈកងទ័ពអ៊ុយក្រែនបើកការវាយប្រហារយ៉ាងលឿនដូចផ្លេកបន្ទោ កងទ័ពរុស្ស៉ីអាចដកថយទៅរក ទីតាំងការពារ និងពង្រឹងកងទ័ពឡើងវិញ ក៏ដូចជាការពារមូលដ្ឋានរបស់ខ្លួនក្នុងតំបន់ដុនបាស់ ព្រមទាំងផ្លូវតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ដែលរត់កាត់តាមទីក្រុងម៉ារីយ៉ូប៉ូល។ ក្នុងន័យនេះក្នុងពេលដែលរុស្ស៉ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រពី «ការវាយលុក» ទៅជា «ការការពារវិញ» នោះទីតាំងយោធារបស់រុស្ស៉ីនឹងកាន់តែរឹងមាំ ដោយនៅក្នុងភាសាសង្រ្គាម «ជាទូទៅ ការការពារមានភាពងាយស្រួលជាងការវាយលុក ឬអាចនិយាយបានថាការការពារប្រៀបដូចការវាយប្រយុទ្ធគ្នារវាងមនុស្ស៣នាក់ ទល់នឹងមនុស្សម្នាក់»

ជាការអនុវត្តជាក់ស្ដែង ការរីកចម្រើនរបស់អ៊ុយក្រែននៅក្នុងតំបន់ខាកៀវ មានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែវាមិនទាន់អាចកែប្រែស្ថានការណ៍សង្រ្គាមជាក់ស្ដែងទាំងស្រុង នៅឡើយទេ។ កងទ័ពអ៊ុយក្រែនបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ២យ៉ាងនៅក្នុងប្រតិបត្តិការវាយលុក។ ម្យ៉ាង គឺសមត្ថភាពដឹកនាំប្រតិបត្តិការវាយលុកលើមូលដ្ឋានជាច្រើន ក្នុងពេលតែមួយ ទាំងនៅក្នុងតំបន់ប៉ែកខាងជើង ខាងកើត និងខាងត្បូងនៃប្រទេស។ រីឯម្យ៉ាងទៀត នោះគឺការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃប្រតិបត្តិការយោធាទាំងខាង កងទ័ពជើងគោក កាំភ្លើងធំ រថក្រោះ និងការគាំទ្រពីកងទ័ពអាកាស ហើយដែលសមត្ថភាពទាំង២យ៉ាងនេះ រុស្ស៉ីសុទ្ធតែទទួលបរាជ័យនាពេលកន្លងមក។

ដោយឡែក នៅក្នុងន័យចិត្តសាស្ត្រ ការរំដោះបានទឹកដីត្រឡប់មកវិញនឹងជះឥទ្ធិពលជាវិជ្ជមានដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច។ ជាដំបូងដៃ វានឹងក្លាយជា ការលើកទឹកចិត្តដល់កងទ័ពអ៊ុយក្រែន ក្នុងការវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន ឬក៏អាចធ្លាយដល់តំបន់គ្រីមៀទៀតក៏ថាបាន ហើយជោគជ័យនេះទៀតសោត ក៏នឹងកាន់តែជំរុញទឹកចិត្តឱ្យអឺរ៉ុបបន្តអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី បើទោះជាខ្លួនឯងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថាមពលនៅរដូវរងាខាងមុខ ក៏ដោយ។ ចំណែកឯ នៅសហរដ្ឋអាមេរិកវិញ ជោគជ័យរបស់អ៊ុយក្រែននឹងបង្ហាញពីជោគជ័យខាងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយរុស្ស៉ី។

ក៏ប៉ុន្តែ នៅក្នុងប្រទេសរុស្ស៉ីវិញ ក្រុមអ្នកជាតិនិយមនឹងជំរុញឱ្យលោក ពូទីន ឆ្ពោះទៅរកការសម្រេចចិត្តដែលអាចនឹងធ្វើឱ្យសង្រ្គាមសព្វថ្ងៃកាន់តែមានគ្រោះថ្នាក់។ លោក ពូទីន នៅមានសន្លឹកបៀជាច្រើននៅក្នុងដៃ ដើម្បីលេងជាមួយអ៊ុយក្រែន និងលោកខាងលិច។ ក្នុងពេលបច្ចុប្បន្ន ដោយបង្ខំឱ្យបិទរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រហ្សាប៉ូរីហ្ស៉ីយ៉ា ដើម្បីកាត់បន្ថយសមត្ថភាពផលិតអគ្គីសនីរបស់ទីក្រុង កៀវ លោក ពូទីនអាចនឹងបន្តប្រើទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរនេះជាខែលការពារ និងបើកការវាយប្រហារលើ កងទ័ពអ៊ុយក្រែន ព្រមទាំងការពារផ្លូវឆ្ពោះទៅកាន់តំបន់គ្រីមៀ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជារោងចក្រអគ្គិសនី ប្រេង ប្រព័ន្ធផ្គត់ផ្គង់ទឹក អ៉ីនធើណិត រួមទាំងការបង្កើនការវាយប្រហារទម្លាក់គ្រាប់បែកលើអ៊ុយក្រែន និងការដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយតួកគី និងអង្គការសហប្រជាជាតិជុំវិញការអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ក៏អាចនឹងស្ថិតនៅក្នុងជម្រើសរបស់លោក ពូទីនដែរ។

មកទល់នឹងពេលនេះ បញ្ហាដ៏ធំបំផុតរបស់លោក ពូទីន នោះគឺការកែនកងទ័ពបន្ថែម ពីព្រោះថាសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃត្រូវបានលោក ពូទីន ហៅថាជាប្រតិបត្តិការយោធា ពិសេស ដោយមិនបានប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែនទេ។ បើមិនប្រកាសសង្រ្គាម ការកែនកងទ័ពនេះអាចនឹងពិបាកធ្វើទៅរួច ហើយវាក៏អាចបង្កឱ្យមានការមិនពេញចិត្ត នៅក្នុងចំណោមប្រជាជនរុស្ស៉ីផងដែរ។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃពីក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៉ីជាង ៨០,០០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងសង្រ្គាមជិត ៧ខែមកនេះហើយគួបផ្សំនឹងបរាជ័យនៅតំបន់ខាកៀវ ដូច្នេះលោក ពូទីនអាចនឹងត្រូវបង្ខំចិត្តកែនកងទ័ពបន្ថែម ចំពេលកងទ័ពរុស្ស៉ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនត្រូវបានគេ រាយការណ៍ថាមានមួយចំនួនជាទាហានស៊ីឈ្នួល អ្នកទោសឧក្រិដ្ឋ និងមនុស្សដែលមិនទទួលបានការបណ្ដុះបណ្ដាលយោធាត្រឹមត្រូវ។

គួរបញ្ជាក់ថា ជ័យជម្នះរបស់អ៊ុយក្រែន គឺជារឿងគួរសាទរ។ តែព្រមពេលជាមួយគ្នា ក៏ជារឿងត្រូវព្រួយបារម្ភដែរ ដ្បិតវាអាចនឹងធ្វើឱ្យសង្រ្គាមសព្វថ្ងៃកាន់តែរីកធំ ឬកាន់តែគ្រោះថ្នាក់ ជាងមុន។ ដើម្បីបញ្ចៀសបរាជ័យនៅអ៊ុយក្រែន ក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកហើយដែល ការវាយប្រហារបែបនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិក និង NATO លូកដៃចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី។ សម្រាប់ក្រុមអ្នកគាំទ្រអ៊ុយក្រែន ពួកគេយល់ថាការងារដែល លោកខាងលិចត្រូវធ្វើ គឺបន្តផ្ដល់អាវុធឱ្យអ៊ុយក្រែនដើម្បីអាចជួយពួកគេសម្រេចបានលទ្ធផលល្អនៅសមរភូមិ និងពង្រឹងជំហររឹងមាំ មុននឹងសម្រេចចិត្តចូលតុចរចាជាមួយរុស្ស៉ី។ ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន វាទាមទារឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុបមានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ដោយត្រូវហ៊ានប្រឈមុខជាមួយលោក ពូទីន៕