(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អ៊ីរ៉ង់មានបំណងបន្តស្នើសុំធ្វើសមាជិករបស់ប្លុក ដែលដឹកនាំដោយចិន និងរុស្ស៊ី ដែលជួបប្រជុំគ្នានៅប្រទេសអ៊ូសបេគីស្ថានក្នុងសប្តាហ៍នេះ ខណៈដែលលោកត្រៀមធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលបង្កើតឡើងដោយប្រទេសចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងអតីតប្រទេសអាស៊ីកណ្តាលចំនួនបួនទៀត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ជាអង្គការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដើម្បីប្រជែងនឹងស្ថាប័នលោកខាងលិច។

កិច្ចប្រជុំកំពូលដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងទីក្រុង Samarkand របស់ប្រទេសអ៊ូសបេគីស្ថាន គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទល់មុខគ្នា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ៩។

ប្រទេសអ៊ីរ៉ង់ ដែលជារដ្ឋសង្កេតការណ៍មួយក្នុងចំណោមរដ្ឋចំនួនបួន របស់ SCO បានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០០៨ ប៉ុន្តែនិតិវិធីមានភាពយឺតយ៉ាវ ដោយសារអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕