(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសការដណ្តើមទឹកដីបានចំនួន៨ពាន់គីឡូម៉ែត្រក្រឡា ខណៈសង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២០៣នេះ។ ទឹកដីដែលរំដោះនេះ គឺជាទឹកដីនៃផ្នែកភាពឥសានក្នុងតំបន់ Kharkiv ក្នុងពេលដែលអ៊ុយក្រែនបានបើកយុទ្ធនាការវាយសម្រុក ដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញក្នុងរយៈពេលប្រមាណជាង ១០ថ្ងៃមកនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងបញ្ជាក់យ៉ាងនេះ៖
លោក ហ្សេឡិនស្គី បានថ្លែងថានៅថ្ងៃទី១៤ និង១៣ ខែកញ្ញាម្សិលមិញនេះផងទៀត, កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ លោក បានបន្តថាពលរដ្ឋអ៊ុយក្រែនច្រើនម៉ឺននាក់ បានរងនឹងការដាច់អគ្គីសនី, សាលារៀន, មន្ទីរពេទ្យ, អគារទាំងឡាយក្នុងសហគមន៍មិនមានអគ្គីសនីប្រើប្រាស់ឡើយ។ មីស៊ីលរបស់រុស្ស៊ី បានបាញ់ចំលើគោលដៅនានាដែលគេមិនអាចធ្វើអ្វី បានចំពោះការជួសជុលលើហេដ្ឋារចនាសម្ព័ន្ធនោះបានឡើយ»។
ខណៈដែលទាហានអ៊ុយក្រែនបានបន្តការវាយរុស្ស៊ីចេញពីទឹកដីភាគខាងកើត, ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅមិនទាន់ចាត់ទុកជំហានរំកិលទៅមុខនោះជារបត់ផ្លាស់ប្តូរមួយ នៃសង្គ្រាមនោះឡើយ, ប៉ុន្តែទទួលស្គាល់ថាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងគៀវមានការរីកចំរើន។ លោក ចូ បៃដិន បានថ្លែងថាដំណើរទៅមុខទៀតនឹងមានកិច្ចការធ្ងន់ជាច្រើន ថែមទៀត។
លោក ចូ បៃដិន បានថ្លែងថាសំណួរនោះនៅមិនទាន់បានឆ្លើយនៅឡើយទេ, ហើយវាក៏មិនទាន់អាចបញ្ជាក់ជាអ្វីបានឡើយ, ប៉ុន្តែលោកថាវាច្បាស់ណាស់ដែលថាអ៊ុយក្រែន មានការរីកចំរើនទៅមុខ, និងលោកគិតថាវានឹងអាចជារឿងធ្ងន់ធ្ងរយូរទៅមុខថែមទៀត»។ ខណៈដែលអ៊ុយក្រែនកំពុងតែបន្តយុទ្ធនាការវាយលុករំដោះយកទឹកដីពីរុស្ស៊ី ថែមទៀតនេះ, សហរដ្ឋអាមេរិកមានគំរោងនឹងផ្តល់គ្រឿងសព្វាវុធមកជាបន្ថែមទៀតដើម្បីការជួយអ៊ុយក្រែន វាយបណ្តេញទាហានរុស្ស៊ី។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាយោធាអាមេរិក លោក John Kirby បានថ្លែងអំពីចំនួនទឹកលុយច្រើនពាន់លានដុល្លារថែមទៀតដែលសហរដ្ឋអាមេរិកនឹងត្រូវផ្តល់ទៅឱ្យអ៊ុយក្រែន ដែលជាការឆ្លើយតបចំពោះអ្វីដែល លោក ហ្សេឡិនស្គី ដែលបានអំពាវនាវឱ្យប្រទេសលោកខាងលិចបន្តបញ្ជួនជំនួយយោធាមកជាច្រើនទៀតសម្រាប់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងការរីកចំរើននៅលើសមរភូមិនេះទៀត, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែន ថូនី ប្ល៊ីងឃីន បានថ្លែងថា ជម្លោះនៅប្រទេសអ៊ុយក្រែន អាចបន្តអូសបន្លាយពេលទៅមុខ ថែមទៀត។ លោកថា ពីព្រោះរុស្ស៊ី នៅតែមានកងកម្លាំង និងអាវុធច្រើននៅក្នុងប្រទេសអ៊ុយក្រែន នៅឡើយដែលរុស្ស៊ី បានកំពុងប្រើប្រាស់ដើម្បីវាយប្រហារដោយមិនរើសមុខ មិនថាលើប្រជាជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ។ នៅជាមួយគ្នានេះដែរ មន្ត្រីអ៊ុយក្រែនម្នាក់ឈ្មោះលោកស្រី មេលីនដា ហារីង Melinda Haring ចង់ជំរុញឱ្យសហរដ្ឋអាមេរិកផ្តល់អាវុធប្រភេទធុនធ្ងន់ដទៃទៀតដល់អ៊ុយក្រែនដើម្បីវាយបណ្តេញរុស្ស៊ី។ លោកស្រី មេលីនដា ហារីង ដែលជាអនុប្រធានមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាត្លង់ទិក Eurasia បាននិយាយថាសហរដ្ឋអាមេរិកគួរពិចារណាលើការលើកលែងចំពោះការដាក់កំហិតទាក់ទងនឹងជំនួយយោធាសម្រាប់អ៊ុយក្រែន ជាពិសេស ទាក់ទងប្រព័ន្ធមីស៊ីលបាញ់ រយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយ។
លោកស្រី បានបន្តថាសហរដ្ឋអាមេរិកពុំព្រមបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយដល់ប្រទេសអ៊ុយក្រែននោះទេ ហើយអាវុធប្រភេទនេះហើយ ដែលប្រទេស អ៊ុយក្រែន កំពុងត្រូវការ។ លោកស្រីបានថ្លែងថា អ៊ុយក្រែនក៏ត្រូវការរថក្រោះ និងយន្តហោះផងដែរ ដែលរហូតមកទល់នឹងពេលនេះ អ៊ុយក្រែន នៅពុំទាន់ទទួលបានអាវុធ ប្រភេទធុនធ្ងន់ទាំងនេះឡើយ។ លោកស្រីបានបញ្ជាក់ថា នៅពេលនេះ អ៊ុយក្រែនត្រូវការអាវុធទាំងអស់នោះ ដើម្បីការអាចបញ្ចប់សង្គ្រាមបាន។ ពីភាគីរុស្ស៊ីនោះ, រុស្ស៊ីបានថ្លែងថា គេនឹងធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយធំមួយតបតមក វិញនៅតាមសមរភូមិមុខ។ រុស្ស៊ីបានចោទប្រកាន់ទាហានអ៊ុយក្រែនថាបានធ្វើបាបពលរដ្ឋស៊ីវិលក្នុងពេល ដែលទាហានអ៊ុយក្រែនបានចូលទៅគ្រប់គ្រងក្នុងតំបន់ដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងរួចមកនោះ។
ក្រសួងការពារជាតិរបស់រុស្ស៊ីបានថ្លែងថាកងកម្លាំងកាំភ្លើងត្បាល់និងកងកម្លាំងរ៉ុក្កែតរបស់ខ្លួន កំពុងតែធ្វើការវាយប្រហារដ៏ធំដាក់ទៅលើក្រុមទាហានអ៊ុយក្រែននាពេលនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបន្តថាគេបានប្រើអាវុធបាញ់ត្រង់ច្បាស់លាស់ដាក់ទៅលើតំបន់ភាគខាងកើតដូណេតស៍។ ការវាយប្រហាររបស់រុស្ស៊ីតបតទៅវិញនេះ បានធ្វើឡើង ក្រោយការដកថយរបស់ខ្លួនចេញពីទីតាំងជាច្រើននាប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការវាយលុកខ្លាំងពីទាហានអ៊ុយក្រែន។ ការដកថយរបស់ទាហានរុស្ស៊ីតាមកន្លែងជាច្រើនថ្មីៗនេះ គឺជាការបង្ហាញភាពថមថយជាលើកដំបូងហើយ ដែលកន្លងមកការវាយលុករបស់ទាហានអ៊ុយក្រែន មិនអាចធ្វើឱ្យរុស្ស៊ីបានដកថយចេញពីទីតាំងច្រើនសិបកន្លែងដូចប៉ុន្មានថ្ងៃ កន្លងមកនេះឡើយ។ នៅជាមួយនឹងការវាយប្រហារបកតបទៅវិញនេះដែរ, សេចក្តីរាយការណ៍បានបង្ហាញថាមិនមានសញ្ញាណាមួយដែលរុស្ស៊ីនឹងព្រមធ្វើការចរចាជាមួយ នឹងអ៊ុយក្រែនឡើយ។
ខណៈដែលអ៊ុយក្រែនកំពុងបង្ហាញនូវសញ្ញារីកចំរើនលើសមរភូមិនោះ, អធិបការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវប្រញាប់រកវិធានការចរចាការទូតដើម្បីជាដំណោះស្រាយ។ ក្នុងជំនួបមួយតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា, លោក អូឡាហ្វ ស្ហូល បានប្រាប់មេដឹកនាំរុស្ស៊ី ត្រូវដកកងទ័ពទាំងអស់របស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន។ ក្នុងកិច្ចសន្ទនារយៈពេល៩០នាទី, លោក អូឡាហ្វ ស្ហូល បានបញ្ជាក់នូវភាពចាំបាច់ដើម្បីធានារកសុវត្ថិភាព នៃរោងចក្រថាមពលនុយក្លេអ៊ែ័រ ហ្សាប៉ូរីហ្សៀ, និងបានអំពាវនាវដល់លោកពូទីន ត្រូវបន្តការអនុវត្តនូវកិច្ចព្រមព្រៀងលើការដឹកជញ្ជួនគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនដែល កិច្ចព្រមព្រៀងនោះបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិនោះ។
សង្គ្រាមអ៊ុយក្រែនដែលឈានមកដល់ថ្ងៃទី២០៣នេះ ស្ថានការណ៍កាន់តែកើនឡើងក្តៅគគុក គ្រាដែលអ៊ុយក្រែនចង់យកប្រៀបរុស្ស៊ីនៅលើសមរភូមិដែលអាចជាទម្ងន់ ក្នុងការចរចាបញ្ចប់សង្គ្រាម។ ប៉ុន្តែ រុស្ស៊ីក្រៅពីការធ្វើសង្គ្រាមលើសមរភូមិ, អាវុធរុស្ស៊ីមួយទៀតដែលបាន និងកំពុងធ្វើបាបបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប គឺសង្គ្រាមថាមពល ខណៈរដូវត្រជាក់កាន់តែខិតមកជិតជាលំដាប់។ នៅជាមួយគ្នានេះទៀត នៅថ្ងៃព្រហស្បតិ៍ដែលកំពុងមកដល់នេះ, មេដឹកនាំ រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីននឹងជួបដោយផ្ទាល់ ជាមួយនឹងមេដឹកនាំចិនលោកស៊ីជីនពីងក្នុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ក្នុង ក្រុង Samakand នៃប្រទេសអ៊ូសបេគីស្ថានរវាងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ដែលគេមិនទាន់ដឹងថាតើជំនួបនោះនឹងផ្តល់ប្រយោជន៍អ្វីបន្ថែមទៀតដល់ប្រទេសរុស្ស៊ីដែរ ឬយ៉ាងណានោះឡើយ៕