(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃពុធនេះ បានឆ្លៀតឱកាសធ្វើដំណើរ ទៅដល់ទីក្រុងអ៉ីស្យូម (Izium) ដែលកងកម្លាំងអ៊ុយក្រែន ទើបតែដណ្តើមយកមកវិញបានថ្មីៗ ពីកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុង Izium គឺជាច្រកដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់សម្ភារៈ ស្ថិតនៅក្នុងតំបន់ខាងកៀវ (Kharkiv) ភាគឦសានប្រទេសអ៊ុយក្រែន។ ទីក្រុងនេះត្រូវបានអ៊ុយក្រែនដណ្តើមយកមកវិញ ក្រោយកងទ័ពរុស្ស៉ីដកថយកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីទីក្រុងកៀវបានចាប់ផ្តើម ប្រតិបត្តិការវាយបករំដោះទឹកដី កាលពីដើមខែកញ្ញានេះ។

កងវរសេនាធំមួយរបស់អ៊ុយក្រែន បានប្រកាសពីដំណឹងទស្សនកិច្ចខាងលើ តាម Facebook ដូច្នេះថា «ប្រធានាធិបតីអ៊ុយក្រែន បានមកអរគុណដល់កងទ័ពទាំងអស់ ដែលបានប្រឹងប្រែងរំដោះទឹកដីអ៊ុយក្រែន ហើយលោកបានផ្តល់ជាកិត្តិយស ក្នុងការបង្ហូតទង់ជាតិអ៊ុយក្រែន នៅលើសាលាក្រុងផងដែរ»

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្តាហ៍នេះ កងកម្លាំងរបស់លោករំដោះបានទឹកដីប្រហែល ៦,០០០គីឡូម៉ែត្រក្រឡាហើយពីរុស្ស៉ី ខណៈវាត្រូវបានចាត់ទុកជា បរាជ័យធ្ងន់ធ្ងរបំផុតមួយរបស់ទីក្រុងមូស្គូ ក្នុងសង្រ្គាមអូសបន្លាយពេលប្រមាណ ៧ខែមកនេះ៕