(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបនៅថ្ងៃពុធនេះ បានដាក់ចេញនូវសំណើរជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល ដែលបានអង្រួនតំបន់អឺរ៉ុប ខណៈសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់សហភាពអឺរ៉ុបជាមួយទីក្រុងកៀវនឹង «គ្មានការរង្គោះរង្គើឡើយ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានគណៈកម្មការអឺរុប លោកស្រី វ៉ុនឌឺ ឡេយិន (von der Leyen) បានថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំនៃសភារបស់ EU និងចំពោះមុខស្ត្រីទីមួយអ៊ុយក្រែន លោកស្រី អូឡេណា ហ្សាលេនស្កា (Olena Zelenska) ដែលជាភ្ញៀវកិត្តិយសដូច្នេះថា «ទណ្ឌកម្មកំពុងជះឥទ្ធិពលយ៉ាងពិតប្រាកដលើប្រទេសរុស្ស៊ី ហើយយើងនឹងបន្តសកម្មភាពនេះទៀត នេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីបង្ហាញពីការតាំងចិត្ត មិនមែនជាការធុញទ្រាន់នោះទេ»។
លោកស្រី បានប្រាប់សភានៅទីក្រុងស្រ្តាស់បឺគ (Strasbourg) ប្រទេសបារាំង យ៉ាងដូច្នេះថា «ខ្ញុំឈរនៅទីនេះដោយមានការជឿជាក់ថា ជាមួយភាពអង់អាចក្លាហាន និងសាមគ្គីភាព នោះរុស្សីនឹងបរាជ័យ ហើយអឺរ៉ុបនឹងឈ្នះ»។ លោកស្រី ឡេយិន បានស្នើសុំដល់គ្រួសារនិងក្រុមហ៊ុននៅអឺរ៉ុប កាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅទូទាំងប្លុកនេះ។
គួរបញ្ជាក់ថា តម្លៃថាមពល និងអតិផរណា បានកើនឡើងពាសពេញសហភាពអឺរ៉ុបដែលមាន ២៧ប្រទេស ខណៈដែលទីក្រុងម៉ូស្គូបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច៕