(ន័រស៊ូលតង់)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានមកដល់ប្រទេសកាហ្សាក់ស្ថាន នាថ្ងៃពុធនេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេលសរុប ៣ថ្ងៃ នៅក្នុងតំបន់អាស៉ីកណ្តាល ដែលជាដំណើរទស្សនកិច្ចចេញក្រៅប្រទេស លើកដំបូងបំផុតរបស់លោក នៅក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន SCMP នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៉ីនហួរ បានរាយការណ៍ថា យន្តហោះរបស់លោកប្រធានាធិបតីចិន បានចុះចតនៅរដ្ឋធានីន័រស៊ូលតង់ (Nur-Sultan) របស់កាហ្សាក់ស្ថាន នារសៀលថ្ងៃពុធនេះ។ លោក ស៉ី ក៏ត្រូវគេរំពឹងថា នឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) នៃប្រទេសអ៊ូសបេគីស្ថាន ផងដែរ។

កិច្ចប្រជុំកំពូល SCO នឹងបើកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមេដឹកនាំនៃប្រទេសចំនួន៨ ដែលជាសមាជិកនឹងជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ជំនួបរវាងលោក ស៉ី និងលោក ពូទីន ត្រូវបានបញ្ជាក់ ដោយវិមានក្រឹមឡាំងនិងរដ្ឋាភិបាលហ្សាក់ស្ថាន ហើយវានឹងជាជំនួបទល់មុខផ្ទាល់លើកទីមួយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការចុងក្រោយបំផុត នៅក្រៅប្រទេសចិនរបស់លោក ស៉ី ជិនពីង គឺការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២០ ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេល ទីក្រុងវូហាន (Wuhan) របស់ចិន ត្រូវដាក់ឱ្យស្ថិតក្រោមការបិទខ្ទប់ (lockdown) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលេចឡើងកាលពីចុងឆ្នាំ២០១៩៕