Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសេដ្ឋីអាមេរិក លោក ប៊ីល ហ្គេត៖ «លុយជំនួយរបស់អឺរ៉ុបសម្រាប់ដោះស្រាយបញ្ហាជាសកល កំពុងតែរីងហួត ដោយសារសង្រ្គាមនៅអ៊ុយក្រែន» (Video inside)

14-09-2022 16:24

(វ៉ាស៉ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក ប៊ីល ហ្គេតស៍ (Bill Gates) បាននិយាយថា ការចំណាយនៃជម្លោះអ៊ុយក្រែន កំពុងធ្វើឲ្យបាត់បង់ធនធានជំនួយរបស់បណ្តាប្រទេសអឺរ៉ុប និងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការបំពេញ តាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

មហាសេដ្ឋីរូបនេះ បានប្រាប់កាសែត ហ្វាយណាន់ស្យល ថែមស (Financial Times) ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ យ៉ាងដូច្នេះថា «វិបត្តិសង្រ្គាមអ៊ុយក្រែនកំពុងតែធ្វើឱ្យ កញ្ចប់ថវិការបស់អឺរុបកាន់តែស្តួចស្តើងទៅៗ ជាមួយនឹងការចំណាយលើ វិស័យការពារជាតិ ជនភៀសខ្លួន ដំណោះស្រាយបញ្ហាថាមពល និងថ្លៃដឹកជញ្ជូន»

ក្រុមប្រទេសនៅអឺរ៉ុប បានសន្យាខិតខំបញ្ជូនជំនួយយោធា និងហិរញ្ញវត្ថុទៅឲ្យអ៊ុយក្រែន ដើម្បីឱ្យទីក្រុងកៀវ អាចប្រយុទ្ធតទល់ជាមួយរុស្ស៊ី។ ជាងនេះទៅទៀត ពួកគេបានសម្រេចកាត់ផ្តាច់សេដ្ឋកិច្ចរបស់ពួកគេ ចេញពីធនធាន និងទីផ្សាររបស់រុស្ស៊ី ដែលបង្កឱ្យមានការកើនឡើងអតិផរណា និងធ្វើឲ្យវិស័យឧស្សាហកម្មប្រឈមនឹងហានិភ័យ ដោយសារតែការកើនឡើងថ្លៃដើមផលិតកម្ម។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ហ្គេតស៍ ខាងលើនេះ គឺក្នុងនាមជាប្រធានមូលនិធិសប្បុរសធម៌ ដើម្បីរៀបរាប់លម្អិត អំពីកម្មវិធីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ ដែលកំពុងស្ថិតនៅលើផ្លូវ ដែលទំនងជាមិនអាចសម្រេចបាននូវគោលដៅណាមួយ នៃឆ្នាំ២០៣០ឡើយ។

មូលនិធិនេះត្រូវបានបង្កើតឡើងកាលឆ្នាំ២០១៥ ហើយបានកំណត់គោលដៅក្នុង១៧វិស័យ ដូចជា ការដោះស្រាយភាពក្រីក្រ ភាពអត់ឃ្លាន ការលើកកម្ពស់ការអប់រំ និងសមភាព ការអភិរក្សធនធានធម្មជាតិ និងបញ្ហាជំងឺកូវីដ១៩ ជាដើម៕